(កំពង់ចាម)៖ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ត្រ មណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ឆ្នាំ២០២២ បានធ្វើជាអធិបតីភាពក្នុងពិធីជួបប្រជុំសំណេះសំណាលជាមួយក្រុមការងារ អភិបាលស្រុក និង អធិការស្រុកជើងព្រៃ មេឃុំផ្តៅជុំ និងសមាជិកសមាជិកា ដើម្បីពិភាក្សាបញ្ហាប្រជាពលរដ្ឋធ្វើផ្លូវចូលផ្ទះ ដោយលុបប្រឡាយទឹក ចាប់ពីភូមិផ្តៅជុំលិច ដល់ភូមិចាំនាង ស្ថិតនៅឃុំផ្តៅជុំ ស្រុកជើងព្រៃ ។

ក្នុងឱកាសនោះផងដែរ លោកបណ្ឌិត បានជួបជាមួយប្រជាពលរដ្ឋ៩១គ្រួសារ ដែលរស់នៅលើទីតាំងជើងទំនប់២៣ ស្ថិតនៅ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម (រស់នៅលើដីទំនប់របស់រដ្ឋ) ដែលធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ផ្ទុយពីគោលនយោបាយភូមិ ឃុំ មានសុវត្តិភាព របស់រាជរដ្ឋាភិបាល។

លោកបណ្ឌិតបានជួយដោះស្រាយ និងសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋានជូនពួកគាត់ដោយឲ្យរស់នៅបណ្តោះអាសន្ន និងត្រូវគោរពតាមលក្ខខណ្ឌ០៤ ចំណុច រួមមាន៖

*មិនត្រូវលក់ ឬជួលឲ្យជនដទៃ

*មិនត្រូវទាមទារធ្វើប្លង់រឹងជាកម្មសិទ្ធផ្ទាល់ខ្លួន

*មិនត្រូវលើកទំនប់ ជីកស្រះ បិទប្រឡាយទឹកសាធារណៈ

*ប្រសិនបើរដ្ឋត្រូវការអភិវឌ្ឍន៍ផ្សេងៗ ត្រូវប្រគល់ជូនរដ្ឋវិញដោយការស្ម័គ្រចិត្ត។

ក្រោយពីបានដោះស្រាយរួចរាល់ប្រជាពលរដ្ឋបានសម្តែងនូវការពេញចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោមបណ្ឌិត និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់៕