(ព្រះវិហារ)៖ សមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តសាខាខេត្តព្រះវិហារ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២នេះ បានរៀបចំសន្និតបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣។

សន្និបាតនេះធ្វើឡើង ក្រោមវត្តមានលោក ជូ តុងអាន ទីប្រឹក្សា សមាគម សិស្សនិស្សិត បញ្ញាវន្តក្មេងវត្ត សាខាខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក នុត សុធា ប្រធានសមាគម សិស្សនិស្សិត បញ្ញាវន្តក្មេងវត្ត សាខាខេត្តព្រះវិហារ ព្រមទាំងព្រះសង្ឃ សមាជិក សមាជិកា សមាគមជាច្រើនអង្គ/អ្នកទៀតផង។

លោក ជូ តុងអាន បានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកា សមាគមទាំងអស់ ដែលបានលះបង់កម្លាំងកាយ ចិត្ត ពេលវេលា ធនធាន ក្នុងស្មារតីចូលរួមក្នុងសកម្មភាពមនុស្សធម៌ ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ដែលជាវប្បធម៌ចែករំលែក ស្របតាមគោលនយោបាយដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក ជូ តុងអាន ក៏បានថ្លែងនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីលោក ហ៊ុន ម៉ានិត ប្រធានគណៈអចិន្ត្រៃយ៍សមាគម សិស្សនិស្សិត បញ្ញាវន្តក្មេងវត្ត និងលោក មុិញ បានកុសល ប្រធានសមាគមន សិស្សនិស្សិត បញ្ញាវន្តក្មេងវត្ត ផ្ញើជូន ថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមដែលមានវត្តមានយ៉ាងច្រើនកុះករចូលរួមក្នុងពិធីនេះ។

លោកក៏បានថ្លែងណែនាំ ដល់សមាជិក សមាជិកាសមាគម សិស្សនិស្សិត បញ្ញវន្ត ក្មេងវត្តសាខាខេត្តព្រះវិហារទាំងអស់ ត្រូវបន្តរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង រួមគ្នាធ្វើកិច្ចការមនុស្សធម៌ បម្រើសង្គមជាតិយើងឱ្យបានច្រើនទៀត ពិសេត្រូវបន្តចូលរួមថែរក្សាសុខសន្តិភាពដែលប្រមុខដឹកនាំប្រទេស ខំរកបានដោយលំបាក ឱ្យនៅស្ថិតស្ថេរយូរអង្វែង ដើម្បីឱ្យប្រទេសជាតិយើងកាន់តែមានការអភិវឌ្ឍរីកចម្រើនថែមទៀត៕