(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានថ្លែងថា ការដោះស្រាយបញ្ហាក្នុងមូលដ្ឋានអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវសហការល្អជាមួយប្រជាពលរដ្ឋ ។
លោកស្រី ឃួន ឃុនឌី បានថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំខែជាមួយអាជ្ញាធរមូលដ្ឋានទាំង១១ឃុំ នៅក្នុងស្រុកកំពង់ស្វាយ នៅថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ២០២២។
លោកស្រីបានណែនាំឲ្យមន្ត្រីជំនាញគ្រប់រូបត្រូវពិនិត្យរាល់ការងារក្នុងមូលដ្ឋានទាំងអស់ កុំទុកយូរ។ រាល់ការងារអ្វីណាមួយដែលមិនអាចដោះចេញនោះ រាយការណ៍បន្ទាន់ ឬបញ្ជូនមកថ្នាក់លើ ហើយត្រូវចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងរួមគ្នាទប់ស្កាត់ប្រឆាំងដាច់ខាតសកម្មភាពនានា។
លោកស្រីបន្ថែមថា អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តថែរក្សាពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គម ឲ្យបានល្អប្រសើរក្នុងការចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំឲ្យមានសុវត្ថិភាពនិងមានការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋាន៕