(ឧត្តរមានជ័យ)៖ នៅមាត់ច្រកទ្វារពំដែនអន្តរជាតិអូរស្មាច់ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២នេះ បានរៀបចំពិធីរត់កីឡាម៉ារ៉ាតុងរួមគ្នាលើកទី១ ឆ្នាំ២០២២ រវាងក្រុងសំរោង ខេត្តឧត្តរមានជ័យ និងស្រុកកាប់ជើង ខេត្តសុរិន្ទន៍។
ព្រឹត្តិការណ៍នេះធ្វើឡើង ក្រោមវត្តមាន លោក អ៊ុន សុភ័ក្រ អភិបាលរងខេត្ត តំណាងលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័ន និងលោក ឆំាណាន ឈឺនតា អភិបាលរងខេត្តសុរិន្ទ ប្រទេសថៃ។
លោក អ៊ុន សុភ័ក្រ បានថ្លែងដោយក្តីសោមនស្សរីករាយយ៉ាងក្រៃលែងបំផុត ដែលស្រុកកាប់ជើង ខេត្តសុរិន្ទន៍ បានរួមសហការជាមួយអាជ្ញាធរ ភូមិ ឃុំ មន្ទីរពេទ្យ កាកបាទក្រហម អាជីវករ សប្បុរសជន អង្គការសង្គមសុីវិល នៅក្នុងដែនសមត្ថកិច្ចស្រុករៀបចំព្រឹត្តិការណ៍កីឡានេះឡើង ដើម្បីលើកកម្ពស់សុខភាពសាធារណៈ តាមរយៈការជំរុញឱ្យមានការហាត់ប្រាណ ការជំរុញឱ្យមានកំណើនភ្ញៀវទេសចរ ពិសេសដើម្បីកិច្ចសហប្រតិបត្តិការ ការរក្សាបានទំនាក់ទំនងល្អ សាមគ្គីភាព សម្ព័ន្ធមេត្រីភាព រវាងក្រុងសំរោង ខេត្តឧត្តរមានជ័យ និងស្រុកកាប់ជើង ខេត្តសុរិន្ទន៍។
លោក អ៊ុន សុភ័ក្រ បានថ្លែងលើកឡើងទៀតថា ក្នុងនាមរដ្ឋបាលខេត្ត មន្ទីរជំនាញគ្រប់វិស័យ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សូមផ្តល់នូវការគាំទ្រ និងការចូលរួមសហការ ដើម្បីការរៀបចំព្រឹត្តិការណ៍កីឡានេះបានកើតជារូបរៀងឡើង ដែលជាកីឡាទេសចរណ៍ កីឡាជម្រុញលំហាត់ប្រាណដើម្បីសុខភាព កីឡាមិត្តភាព និងកីឡាសម្ព័ន្ធមេត្រីភាពតាមខ្សែបន្ទាត់ព្រំដែន។
លោកអភិបាលរងខេត្តឧត្តរមានជ័យ ក៏បានថ្លែងអំណរគុណផងដែរ ចំពោះការចំណាយពេលវេលាដ៍មានតម្លៃរបស់ប្រតិភូទាំងពីរភាគី ក្រុមកីឡាករ កីឡាការនី ដែលបានចូលរួមរត់ជាមួយគ្នាប្រកបដោយភាពរីករាយនិងស្នាមញញឹម៕