(ព្រះសីហនុ)៖ យ៉ាងហោចណាស់ មានផ្ទះពលរដ្ឋជាង១២៦០ខ្នង នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានរងការខូចខាត ក្នុងនោះមានខ្លះរបើកដំបូល ខ្លះបាក់រលំ ខណៈដែលមានពលរដ្ឋម្នាក់រងរបួស បន្ទាប់ពីមានខ្យល់បោកបក់ខ្លាំង នៅរដូវរំហើយនេះ។ នេះបើតាម លោក អុី ធារិន្ទ អភិបាលស្រុកព្រៃនប់ បញ្ជាក់ប្រាប់ Fresh News នៅព្រឹក ថ្ងៃ១៨ ខែធ្នូ ឆ្នាំ២០២២។

ខ្យល់ព្យុះរដូវរំហើយ ត្រូវបានគេរាយការណ៍ថា បានបោកបក់ពីជើងភ្នំកំចាយ ចាប់តាំងពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ទើបបណ្តាលឱ្យផ្ទះប្រជាពលរដ្ឋរងការខូចខាតបែបនេះ។

លោកអភិបាលស្រុកនប់ បញ្ជាក់បន្ថែមថា ស្ថានភាពខ្យល់នៅតែបន្តធ្លាក់មិនទាន់ធូរស្បើយនៅឡើយ គិតមកត្រឹមថ្ងៃត្រង់ថ្ងៃដដែលនេះ ក្នុងនោះអាជ្ញាធរ បាននិងកំពុងចាត់ចែងពិនិត្យដោះស្រាយជួយពលរដ្ឋរងគ្រោះ និងអំពាវនាវឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ពីសុវត្ថិភាព ចំពោះគ្រោះធម្មជាតិ។

សូមបញ្ជាក់ថា បើតាមរយៈសារសំឡេង លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ កន្លងមក បានអំពាវនាវឲ្យមានការប្រុងប្រយ័ត្នចំពោះការធ្វើដំណើរទាំងផ្លូវគោក និងតាមផ្លូវទឹក ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ គ្រាដែលការព្យាករណ៍អាកាសធាតុ បានឲ្យដឹងថា នឹងមានខ្យល់រលកខ្លាំង ដែលអាចបង្កហានិភ័យសម្រាប់ការធ្វើដំណើរ ក៏ដូចជានៅតាមបណ្តាស្រុកភូមិ-ល-។

សារសំឡេងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន លោក គួច ចំរើន បានណែនាំដល់បណ្ដាសមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវម្ចាស់ការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងប្រជានេសាទ ប្រជាពលទាំងអស់ ដែលត្រូវធ្វើដំណើរតាមផ្លូវគោក នឹងផ្លូវទឹក ត្រូវយកចិត្តទុកដាក់ និងបង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ដោយត្រូវតាមដានស្ថានភាពជាក់ស្ដែង៕