(កណ្ដាល)៖ ពូជគោល្បីៗជាច្រើនប្រភេទ ត្រូវបាននាំយកមកដាក់តាំងបង្ហាញដល់សាធារណៈជន ពិសេសអ្នកដែលស្រលាញ់វិស័យកសិកម្ម ដោយក្រុមហ៊ុន i7។ កម្មវិធីនេះធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នៅតំបន់អភិវឌ្ឍន៍ 7NG វិហារសួគ៌ ស្ថិតក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ពូជគោដែលត្រូវបានយកមកដាក់តាំងពិព័រណ៍ និងដេញថ្លៃនៅពេលនេះ មានទាំងពូជចិញ្ចឺមយកសាច់, ពូជចិញ្ចឹមយកទឹកដោះ និងគោសម្រាប់ផលិតពូជ ជាដើមរួមមាន៖
* ប្រាម៉ាន់ (Brahman)
* ខេមបូភីនតាឌូ (Cambo-Pintado)
* ណៃឡ៎ភីនតាដូ (Nellore Pintado)
* វ៉ាឃ្យូ (Wagyu)
* អេងហ្គ័ស (Angus)
* ប្រេងហ្គ័ស (Brangus)
* ប៊ីសម៉ាស្ទ័រ (Beef Master)
* ហូលស្ទីន (Holstein)
* ឥណ្ឌូប្រេសុីល (Indo-Brazil)
* គោពូជក្នុងស្រុក (Local Cattle) និងមកពីកសិដ្ឋានជាច្រើនក្នុងប្រទេសកម្ពុជា។
ថ្លែងក្នុងឱកាសនោះ លោកស្រី ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញនូវក្ដីមោទនភាពចំពោះក្រុមហ៊ុន i7 ដែលបានរៀបចំព្រឹត្តិការណ៍តាំងបង្ហាញគោពូជល្បីៗនេះឡើង សំដៅឲ្យវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា កាន់តែរីកចម្រើននិយាយជារួម និងនិយាយដោយឡែក ការចិញ្ចឹមគោនៅក្នុងប្រទេសកម្ពុជា កាន់តែមានវឌ្ឍនភាពល្អ។
មន្ដ្រីជាន់ខ្ពស់ក្រសួងកសិកម្មរូបនេះ បានបន្ដទៀតថា ពិតណាស់បើទោះបីពូជគោ ដែលយកមកដាក់បង្ហាញទាំងអស់នេះ សុទ្ធតែមានតម្លៃថ្លៃៗក៏ពិតមែន ប៉ុន្ដែលោកស្រីបានលើកទឹកចិត្តឲ្យក្រុមហ៊ុន i7 ខិតខំប្រឹងប្រែងដោយសហការជាមួយក្រសួងកសិកម្ម ធ្វើយ៉ាងណារកវិធីសាស្ដ្រក្នុងការបង្កាត់ពូជជូនប្រជាពលរដ្ឋ និងអាចប្ដូរពីការចិញ្ចឹមគោធម្មតា មកចិញ្ចឹមគោពូជនេះវិញ។
លោកស្រី ហោ ម៉ាលីន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសង្ឃឹមថា ពូជគោទាំងអស់នេះអាចជាទុនមួយសម្រាប់ប្រជាកសិករយើង នៅតាមជនបទ បានពូជល្អៗដើម្បីរួមចំណែកក្នុងវិស័យចិញ្ចឹមសត្វនៅប្រទេសកម្ពុជា។ មិនខុសនោះទេទស្សនៈរបស់ក្រុមហ៊ុន i7 គឺចង់ឲ្យកសិករកម្ពុជាមានលទ្ធភាពពង្រីកមុខរបរក្នុងវិស័យចិញ្ចឹមសត្វ ដោយប្រែក្លាយពីការចិញ្ចឹមគោលក្ខណៈគ្រួសារ ទៅជាការចិញ្ចឹមលក្ខណៈអាជីវកម្ម និងបង្កាត់ពូជថ្មី ជាមួយពូជក្នុងស្រុក»។
លោកស្រីបានបង្ហាញនូវក្ដីរំពឹងថា វិស័យចិញ្ចឹមសត្វនេះនឹងកាន់តែរីកចម្រើន ប្រសិនបើមានកិច្ចសហការល្អរវាងក្រសួងកសិកម្ម ជាមួយវិស័យឯកជន។ បន្ថែមពីនេះ លោកស្រីបានជំរុញឲ្យក្រុមហ៊ុន i7 បន្ដប្រឹងប្រែងអភិវឌ្ឍន៍កសិដ្ឋានរបស់ខ្លួន ក្នុងនោះក៏ត្រូវពង្រឹងនូវកិច្ចសហការល្អជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីបំពេញនូវបែបបទមួយចំនួន ដើម្បីឲ្យវិស័យកាន់តែរីកចម្រើន និងមានឱកាសក្នុងការនាំចេញថែមទៀត។
ជាមួយគ្នានេះ ឧកញ៉ា ស្រី ចន្ធូ អគ្គនាយកក្រុមហ៊ុន i7 បានលើកឡើងថា ពិធីនាឱកាសនេះ មានការចូលរួមវាយតម្លៃដោយផ្ទាល់ពីអ្នកជំនាញមកពីសហរដ្ឋអាមេរិក ដូច្នេះប្រៀបបានដូចជាបណ្ដុំនៃបទពិសោធន៍ ចំណេះដឹង និងអ្នកជំនាញផ្ទាល់ ដើម្បីចែករំលែកពាក់ព័ន្ធវិស័យចិញ្ចឹមគោ និងចង់បង្ហាញឲ្យប្រជាពលរដ្ឋបានស្វែងយល់បន្ថែមអំពីឧស្សាហកម្មគោសាច់ នៅលើឆាកអន្ដរជាតិ។
ឧកញ៉ា ស្រី ចន្ធូ បានគូសបញ្ជាក់ថា ចំពោះការផលិតពូជគោវិញ គឺក្រុមហ៊ុន i7 នឹងធ្វើការផលិតតាមពីររបៀប ដោយទី១៖ ផលិតតាមរបៀបសិប្បនិម្មិត (AI) និងទី២៖ តាមរបៀប IVF (ចិញ្ចឹមក្នុងកែវ)។ តាមរយៈវិធីបង្កាត់ពីររបៀបនេះ គឺអាចបង្កើតនូវច្រវ៉ាក់ផលិតកម្មបានច្រើន ជាងការបង្កាត់តាមរបៀបធម្មជាតិ។
ក្នុងនាមជាយុវជនជំនាន់ក្រោយ ឧកញ៉ា ស្រី ចន្ធូ បានបង្ហាញនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលផ្ដល់ឱកាសចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេស។ ជាក់ស្ដែង សម្រាប់ក្រុមហ៊ុន i7 គឺតែងតែព្យាយាមសហការ និងធ្វើការយ៉ាងជិតស្និតជាមួយក្រសួងពាក់ព័ន្ធ ពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
អ្វីដែលជាការចូលរួមចំណែករបស់ក្រុមហ៊ុន i7 ក្នុងវិស័យកសិកម្មនោះ ត្រូវបានលោកឧកញ៉ា ស្រី ចន្ធូ អះអាងថា ធ្វើឡើងតាមរយៈការនាំចូលដោយផ្ទាល់នូវមេពូជគោ ហើយផលិតនៅក្នុងស្រុកតែម្ដង សំដៅកាត់បន្ថយថ្លៃដើម និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋអាចមានលទ្ធភាព ក្នុងការទិញដើម្បីយកទៅបង្កាត់ពូជ។ លោកបន្ថែមថា ក្រុមហ៊ុន i7 នឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕