(ព្រៃវែង)៖ លោក អ៉ីវ លាង អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ណែនាំដល់ក្រុមការងារទាំងអស់ ត្រូវឆ្លើយតបរាល់សំណើរ និងសំណូមពរទាំងឡាយរបស់ប្រជាពលរដ្ឋ ព្រមទាំងដោះស្រាយឱ្យទាន់ពេលវេលា មិនត្រូវធ្វើឱ្យពួកគាត់ខកបំណង ជាពិសេសត្រូវប្រកាន់ខ្ជាប់ថា មិនធ្វើសន្យាខ្យល់ជាដាច់ខាតចំពោះប្រជាពលរដ្ឋ។
ការណែននាំបែបនេះ របស់លោក អុីវ លាង បានធ្វើឡើងនៅក្នុងឱកាសជួបសំណេះសំណាលជាមួយតំណាងជាប្រជាពលរដ្ឋភូមិតាម៉ៅ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង នៅព្រឹកថ្ងៃសៅរ៍ទី១៧ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញ ការសំណេះសំណាលនេះ គឺតែងតែធ្វើឡើងជាងរៀងរាល់សប្តាហ៍របស់ក្រុមការងារចុះមូលដ្ឋានឃុំបឹងព្រះ។
ក្នុងឱកាសជួបសំណេះសំណាលនេះ លោក អ៉ីវ លាង ក៏បានស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ តាមការស្នើសុំ និងក្តីកង្វង់នានាដល់ពួកគាត់ ក្នុងវេទិកាសាធារណៈនេះតែម្តង។
ប្រធានក្រុមការងារចុះមូលដ្ឋាន បានបន្តថា ការអភិវឌ្ឍចាំបាច់ណាស់ត្រូវមានការចូលរួមមតិស្ថាបនាពីប្រជាជនមូលដ្ឋាន បច្ចុប្បន្នប្រទេសជាតិមានសន្តិភាព លែងភ័យគ្រាប់ផ្លោងទៀតហើយ ជាក់ស្តែងការជួបជុំគ្នាពេលនេះ គឺរកការអភិវឌ្ឍ និងដោះស្រាយបញ្ហាប្រឈមសំណូមពរនានា ដើម្បីធ្វើយ៉ាងណាដើម្បីឱ្យប្រជាពលរដ្ឋមានភាពជឿជាក់ និងកក់ក្តៅ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
នាឱកាសនោះដែរ លោក អ៉ីវ លាង បានបញ្ជាក់ថា ការអភិវឌ្ឍឃុំធ្វើមិនអាចបានដូចចិត្ត ឬមិនអាចដូចការចង់បានរបស់បងប្អូនទាំងស្រុងនោះទេ នៅត្រង់ចំណុចនេះសុំមានការយោគយល់ផងដែរ ហើយក៏មិនអាចធ្វើបានព្រមគ្នាទាំងអស់នោះដែរ ដោយការអភិវឌ្ឍន៍ធ្វើជាជំហានៗ ដោយសារថវិកាឃុំមានកម្រិត។
លោកបានបន្ថែមទៀតថា កិច្ចសហការពីប្រជាពលរដ្ឋតាមរយៈចូលរួមរាយការណ៍ អាជ្ញាធរចូលរួមដោះស្រាយ នេះហើយជាមធ្យោបាយកម្លាំងរួម ដើម្បីចូលរួមអភិវឌ្ឍន៍មូលដ្ឋាន ជម្រុញគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់ហេតុការណ៍មិនល្អទាំងឡាយ ជាពិសេសបញ្ហាគ្រឿងញៀន៕