Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់ឲ្យគណៈប្រតិភូ កាកបាទក្រហមកម្ពុជា ចូលគោរពវីញ្ញាណក្ខន្ធសព លោកឧកញ៉ា ថេង ប៊ុនម៉ា

20-06-2016 17:57

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឲ្យគណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធ និងបានប្រគល់ជូន នូវលិខិតរំលែកទុក្ខដ៏សែនក្រៀមក្រំជាទីបំផុត របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ក្រុមគ្រួសារសព លោកឧកញ៉ា ថេង ប៊ុនម៉ា ដែលបានទទួលមរណភាព កាលពីវេលាម៉ោង ១២៖៤៥នាទី អាធ្រាត្រឈានចូលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅនេះ ក្នុងជន្មាយុ ៧៥ឆ្នាំ ដោយរោគាពាធ។

ក្នុងក្ដីដ៏សោកសង្រេង និងខ្សឹកខ្សួលរំជួលចិត្តនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសហការី នៃកាកបាទក្រហមកម្ពុជាទាំងអស់ សូមសម្ដែងនូវសមានទុក្ខដ៏សែនក្ដុកក្ដួល សោកស្ដាយស្រណោះអាឡោះអាល័យយ៉ាងក្រៃលែងជាទីបំផុត ជាមួយនឹងក្ដីសង្វេគរកទីបំផុតគ្មានចំពោះមរណភាពរបស់លោកឧកញ៉ា និងសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះ ជាមួយនឹង លោកជំទាវ អ៊ឹង គុយអេង និងក្រុមគ្រួសារទាំងអស់នៃសព ដែលបានបាត់បង់ ស្វាមី លោកឪពុក ឪពុកក្មេក ជីតា ជីតាទួត ជាទីគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់គឺ លោកឧកញ៉ា ថេង ប៊ុនម៉ា។

ជាទីបញ្ចប់នេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនៈត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមឲ្យវិញ្ញាណក្ខន្ធ លោកឧកញ៉ា ថេង ប៊ុនម៉ា បានទៅកាន់ក្នុងសុគតិភពជានិច្ចនិរន្ត កុំបីឃ្លៀងឃ្លាតឡើយ៕