(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ បានបន្តចុះសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រកួតបាល់ទាត់ ស្ថិតក្នុងភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
លោក ធឹម សំអាន បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជូនចំពោះក្រុមគ្រួសារទីទ័លក្រ និងងាយរងគ្រោះទាំងអស់ ដោយក្តីនឹករលឹកផងដែរ។
ជាមួយគ្នានេះដែរ លោក ធឹម សំអាន បានបន្តទៀតថា ក្នុងរយៈប៉ុន្មានថ្ងៃកន្លងមកនេះមានការឆ្លងជំងឺកូវីដ ប៉ុន្តែក៏សូមអោយប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅសូមឲ្យមើលថែទាំសុខភាព និងស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ និងអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» គឺដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នាផងដែរ។
អំណោយដែលអភិបាលខណ្ឌព្រែកព្នៅយកទៅចែកជូនប្រជាពលរដ្ឋខ្វះខាតចំនួន៦៧គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករចំនួន១០គីឡូក្រាម មីចំនួន១៥កញ្ចប់ ទឹកត្រី ទឹកសុីអុីវ និងទឹកក្រូចផងដែរ។
ក្នុងនាមប្រជាពលរដ្ឋ លោកចៅសង្កាត់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអភិបាលខណ្ឌព្រែកព្នៅ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់សុខទុក្ខជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយមិនប្រកាន់និន្នាការ៕