(ភ្នំពេញ)៖ ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងដោយមានការចាត់តាំងពីលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គវក-១៩) អមដំណើរដោយមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ចំនួន២រូប បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណៈរដ្ឋគុយបា ពីថ្ងៃទី១១ ដល់ទី១៩ ខែធ្នូ ឆ្នាំ២០២២។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល ដោយអនុលោមតាម អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងសុខាភិបាលកម្ពុជា និងក្រសួងសុខភាពសាធារណៈ នៃសាធារណៈរដ្ឋគុយបា ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២។

ជាពិសេស ផ្តោតលើការពិនិត្យលទ្ធភាពធ្វើកិច្ចសហការផ្នែកឱសថ (សម្រាប់ការព្យាបាលជំងឺមហារីក និងជំងឺទឹកនោមផ្អែមជាដើម) វ៉ាក់សាំង (សម្រាប់បង្ការជំងឺកុមារ និងជំងឺកូវីដ-១៩) ឧបករណ៍ បរិក្ខារពេទ្យ ព្រមទាំងសិក្សា ស្វែងយល់អំពីការងារថែទាំសុខភាពបឋមរបស់ប្រទេសគុយបា និងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកវេជ្ជសាស្ត្រទូទៅ និងឯកទេស។

គណៈប្រតិភូក្រសួងសុខាភិបាលកម្ពុជា បានទៅធ្វើទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលត្រួតពិនិត្យឱសថ រោងចក្រផលិតវ៉ាក់សាំង រោងចក្រផលិតឱសថ ជាពិសេសឱសថព្យាបាលជំងឺមហារីក និងទឹកនោមផ្អែម មន្ទីរពេទ្យ និងមជ្ឈមណ្ឌលព្យាបាលជំងឺ មហារីកជាតិគុយបា។

លើសពីនេះគណប្រតិភូក៏បានពិនិត្យ ស្វែងយល់ និងពិភាក្សាអំពីការងារផ្តល់សេវាសុខភាពបឋម និងការផ្គត់ផ្គង់ឱសថដល់ឱសថស្ថាន និងដល់អ្នកជំងឺនៅក្នុងសហគមន៍នៃប្រទេសគុយបា។

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល៖