(ភ្នំពេញ)៖ នៅព្រឹកនាថ្ងៃទី២ នៃដំណើរទស្សនកិច្ចរបស់អ្នកកាសែតកម្ពជាចំនួន១០រូប នៅលើទឹកដីវៀតណាមភាគខាងត្បូង នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ ត្រូវបានមន្ត្រីក្រសួងព័ត៌មានវៀតណាម ដែលជាភាគីម្ចាស់ផ្ទះអញ្ជើញទៅទស្សនាវិមានអនុស្សាវរីយ៍សង្គ្រាម ដែលអតីតគឺជាវិមានរដ្ឋាភិបាលវៀតណាមខាងត្បូងចុងក្រោយគេ មុននឹងរដ្ឋាភិបាលវៀតណាមខាងជើង ផ្ដួលរំលំដោយចុងកាំភ្លើងនៅឆ្នាំ១៩៧៥ រួមទាំងសារមន្ទីរសង្គ្រាមផងដែរ។
ក្រៅពីទស្សនានូវទីតាំងប្រវត្តិសាស្ត្រទាំងពីរកន្លែងខាងលើ អ្នកសារព័ត៌មានកម្ពុជាដឹកនាំដោយលោក ហាស់ សំអាត ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ រួមជាមួយលោកយ៉ែម ណយ ប្រធាននាយកដ្ឋានមណ្ឌលព័ត៌មាន នៃក្រសួងព័ត៌មាន ក៏បានអញ្ជើញទៅទស្សនកិច្ចដកស្រង់បទពិសោធន៏ការងារ និងផ្លាស់ប្ដូរព័ត៌មានគ្នាទៅវិញទៅមកជាមួយអង្គភាពកាសែតចំនួនពីរអង្គភាពប្រចាំទីក្រុងហូជីមិញ គឺកាសែតនារីទីក្រុងហូជីមិញ និងកាសែតយុវជនវៀតណាម ដែលជាកាសែតដ៏ធំមួយស្ថិតក្នុងចំណោមកាសែតធំៗរបស់វៀតណាម។
សូមបញ្ជាក់ថា តបតាមកិច្ចព្រមព្រៀងរវាងក្រសួងព័ត៌មានកម្ពុជា និងក្រសួងព័ត៌មានវៀតណាម គឺប្រទេសទាំងពីរបានឯកភាពគ្នា ធ្វើការផ្លាស់ប្ដូរដំណើរទស្សកិច្ចអ្នកសារព័ត៌មានគ្នាទៅវិញទៅមកជារៀងរាល់ឆ្នាំ ដើម្បីអោយមានការផ្លាស់ប្ដូរបទពិសោធន៏ ផ្នែកព័ត៌មានគ្នាទៅវិញទៅមក។
អ្នកសារព័ត៌មានកម្ពុជាចំនួន១០រូប ដែលចាត់តាំងដោយក្រសួងព័ត៌មាន មកពីស្ថាប័នរដ្ឋ៦រូប និងឯកជន៤រូបត្រូវបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម រយៈពេល១០ថ្ងៃសំរាប់ឆ្នាំ២០១៦នេះ ដោយក្នុងនោះក៏មានអង្គភាពព័ត៌មាន Fresh News មួយរូបផងដែរ៕