(កំពង់ធំ)៖ ដោយឃើញការលំបាករបស់ប្រជាពលរដ្ឋនៃភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ ហើយម្យ៉ាងទៀតទឹកជំនន់ទើបនឹងស្រកផងនោះ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក រួមជាមួយការិយាល័យសុខាភិបាលប្រតិបត្តិបារាយណ៍-សន្ទុក បានដឹកនាំក្រុមគ្រូពេទ្យចុះពិនិត្យនិងព្យបាលជំងឺប្រជាពលរដ្ឋប្រមាណ៣៥៨នាក់ ដែលរស់នៅភូមិគោកត្របែក និងតំបន់ទួលតាមុំ ដែលជាតំបន់ដាច់ស្រយាល។

សកម្មភាពនេះធ្វើឡើងនាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ ក្នុងនោះក៏មានការគាំទ្រពីសប្បុរជននានាផងដែរ។

លោក ហាក់ ម៉ុងហួត បានពាំនាំនូវការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលសម្តេចតែងតែជំរុញឲ្យមន្រ្តីថ្នាក់ក្រោមយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋខ្លួន ហើយអាជ្ញាធរភូមិ ឃុំត្រូវសកម្មក្នុងមូលដ្ឋាន ដើម្បីក្តាប់បានរាល់តម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាដោះស្រាយជូន និងរាយការណ៍បន្តទៅថ្នាក់លើ ដើម្បីជួយអន្តរាគមន៍ករណីខ្លួនមិនមានលទ្ធភាពដោះស្រាយ។

លោកបានថ្លែងអំណរគុណដល់សប្បុរសជនដែលបានផ្តល់ជាថ្នាំពេទ្យ ព្រមទាំងក្រុមគ្រូពេទ្យដែលបានលះបង់ពេលវេលានិងថវិការផ្ទាល់ ដើម្បីចុះមកពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋនាពេលនេះ។ សកម្មភាពទាំងនេះជាការចូលរួមចំណែកជាមួយអាជ្ញាធរ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងជួយសម្រួលនូវបន្ទុកសេវាចំណាយរបស់ពួកគាត់បានមួយកម្រិត។

លោកបានបន្តទៀតថា សកម្មនេះជាការបន្ថែមទៅលើសេវារបស់ក្រុមគ្រូពេទ្យ ដែលចង់ខិតឲ្យជិតប្រជាពលរដ្ឋព្រមទាំងជួយកាត់បន្ថយការលំបាករបស់ពួកគាត់មួយចំនួនផងដែរ។

លោក ហាក់ ម៉ុងហួត បានសំណូមពរឲ្យប្រជាពលរដ្ឋចេះថែរក្សាសុខភាព រស់នៅស្អាត ផឹកទឹកស្អាត ហូបស្អាត ជាពិសេសចាស់ៗក្នុងរដូវរងានេះប្រយ័ត្នសុខភាព បើមានបញ្ហារត់រកមណ្ឌលសុខភាពដែលមានក្នុងភូមិនេះស្រេច និងមានក្រុមគ្រូពេទ្យរង់ចាំបម្រើសេវាជានិច្ច៕