(កំពង់ធំ)៖ ផ្ទះថ្មីដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានប្រគល់ជូនអតីតយុទ្ធជនសោធននិវត្តន៍នៅភូមិសំរោង ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ការប្រគល់ផ្ទះខាងលើនេះធ្វើឡើងតាមរយៈឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ឧត្តមសេនីយ៍ទោ សឺន ស័ព្ទ អតីតជាអធិការនគរបាលស្រុកបារាយណ៍ក្នុងឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៨៩ ជាស្នងការនគរបាលខេត្តកំពង់ធំពី១៩៩០ ដល់ឆ្នាំ១៩៩៤ និងក្រោយមកត្រូវបានផ្ទេរភារកិច្ចទៅកាន់ក្រសួងមហាផ្ទៃ ហើយត្រូវបានក្រសួងមហាផ្ទៃដាក់ឲ្យចូលនិវត្តតាមការកំណត់។

លោកបានបន្តថា ឧត្តមសេនីយ៍ទោ សឺន ស័ព្ទ មានភរិយា និងកូនក្នុងបន្ទុកចំនួន៥នាក់ ដោយគាត់មានបញ្ហាសុខភាព ពុំអាចប្រកបរបរអ្វីបានក្រៅគោលរបបដែលថ្នាក់លើកំណត់ ទើបពុំមានលទ្ធភាពសាងសង់ជម្រកស្នាក់នៅសមរម្យ បានដោយខ្លួនឯងនៅលើដីដែលគាត់មាន។

ដោយឃើញពីការលំបាកនេះ ក្រុមការងារនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនម្ពុជាខេត្តកំពង់ធំសុំការសម្រេចសាងសង់ផ្ទះថ្មីខ្នងទី២៣២ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនគាត់ដោយបានសាងសង់ផ្ទាល់ដី ឆ្អឹងដែក ចាក់សាបក្នុងផ្ទះនិងជុំវិញផ្ទះ ជញ្ជាំងស្មាតបត ដំបូលប្រក់ស័ង្កសីកិនភ្លី។

ក្នុងពិធីប្រគល់ផ្ទះថ្មីនៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ផ្ដល់ជូនគាត់បន្ថែមទៀត មានអង្ករចំនួន២០០គីឡូក្រាម មីចំនួន៥កេស ទឹកផ្លែឈើ៣កេស ទឹកត្រីចំនួន២យួរ ទឹកត្រីទឹកស៊ីអ៉ីវចំនួន៥យួរ ទឹកបរិសុទ្ធ២កេស និងថវិកាមួយចំនួនផងដែរ។

លោក សឺន ស័ព្ទ និងក្រុមគ្រួសារបានគោរពថ្លែងអំណរគុណ និងសូមគោរពជូនពរចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងលោក ហ៊ុន ម៉ាណែត និងលោកស្រី រួមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ៕