(ឧត្តរមានជ័យ)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យបានរៀបចំទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២២ ក្រោមប្រធានបទ «សាមគ្គីភាពតាមរយះអ្នកស្ម័គចិត្ត» ដើម្បីពង្រឹងស្មារតីសាមគ្គីភាព ជម្នះបានរាល់ការលំបាក និងបញ្ហាប្រឈមនានាដែលកើតឡើងពីការប្រែប្រួលអាកាសធាតុ ជំងឺកូវីដ-១៩ វិបត្តិសង្គ្រាមតាមតំបន់។

ពិធីនេះធ្វើឡើងនាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ក្រោមវត្តមានលោក ឃិន ញ៉ាណ អនុប្រធានគណៈកម្មាការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងលោក ប៉ែន កុសល្យ ប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ ព្រមទាំងមន្ត្រី និងសមាជិក សមាជិកាកាកបាទក្រហមជាច្រើនរូបទៀត។

សារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្តនាឆ្នាំនេះ គឺមានគោលបំណងឱ្យយើងទាំងអស់គ្នាត្រូវតែរួមកម្លាំងគ្នាឱ្យបានទ្វេដង ធ្វើសកម្មភាពក្នុងស្មារតីសាមគ្គីភាពជាធ្លុងមួយ ដោះស្រាយបញ្ហាប្រឈមនានាដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ជំងឺកូវីដ-១៩ វិបត្តិសង្គ្រាមតាមតំបន់នានា ដើម្បីវឌ្ឍនភាព និងវិបុលភាពនៅលើភពផែនដី។

លើសពីនេះ អ្នកស្ម័គ្រចិត្ត គឺជាឆ្អឹងខ្នង និងជាប្រតិបត្តិករជួរមុខដ៏សកម្ម ពុំអាចខ្វះបានឡើយរបស់កាកបាទក្រហមកម្ពុជា និងអង្កការស្ម័គ្រចិត្តនានា។ អ្នកស្ម័គ្រចិត្ត គឺជានិមិត្តរូបនៃការលះបង់កម្លាំងកាយចិត្ត ពេលវេលា ធ្វើការរួមគ្នាក្នុងសាមគ្គីភាពជាធ្លុងមួយ ដើម្បីជម្នះបានរាល់ការលំបាក និងបញ្ហាប្រឈមនានា។

នៅក្នុងឱកាសនេះដែរ លោក ឃិន ញ៉ាណ បានណែនាំដល់អ្នកស្ម័គ្រចិត្តនៅតាមសហគមន៍ទាំងអស់បន្តពង្រឹងសាមគ្គី សហការជាមួយភាគីពាក់ព័ន្ធ ធ្វើសកម្មភាពដូចភ្លៀងរលឹមក្នុងការកសាងភាពធន់សហគមន៍ និងផ្តល់សេវាកម្មជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត។ គណៈកម្មាការសាខា អនុសាខាបន្តលើកទឹកចិត្ត និងផ្តល់ការឧបត្ថម្ភគាំទ្រជាស្មារតី ថវិកាដល់អ្នកស្ម័គ្រចិត្ត និងបន្តនូវវប្បធម៌នៃការចែករំលែកជួយគ្នទៅវិញទៅមក និងលើកកម្ពស់ក្តីស្រឡាញ់ ការងារស្ម័គ្រចិត្តក្នុងក្រុមគ្រួសារ បងប្អូន មិត្តភក្តិ សាច់ញាតិ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការពង្រឹងភាពធន់សហគមន៍៕