(ភ្នំពេញ)៖ ក្រោយពីទទួលបានព័ត៌មានថាមានវិវាទរវាងអ្នកម៉ៅការសំណង់ ក្នុងករណីមិនបើកប្រាក់ខែជូនដល់កម្មករនោះ កាលពីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន បានចុះសម្របសម្រួល និងដោះស្រាយ ដោយតម្រូវឱ្យថៅកែនិងអ្នកម៉ៅការការដ្ឋានសំណង់អគារព្រីនបើកប្រាក់ខែជូនកម្មករវិញ។

ខណៈចុះសម្របសម្រួលនេះដែរ វិវាទរវាងកម្មករ និងអ្នកម៉ៅការសំណង់នៃការអគារព្រីន ក៏មានការចូលរួមពីលោក ជិន វិចិត្រ អភិបាលរងខណ្ឌ លោក អ៊ួង សុខា មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ ដែលស្ថិតនៅភូមិទី២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជាលទ្ធផល ក្រុមការងាររដ្ឋបាលខណ្ឌបានសម្របសម្រួលជាមួយថៅកែម៉ៅការសំណង់ខាងលើ ដោយយល់ព្រមក្នុងការបើកថវិកាជូនកម្មកររបស់ខ្លួន។

ក្នុងឱកាសនោះ លោកអភិបាលខណ្ឌចំការមនបានឧបត្ថម្ភដល់ក្រុមកម្មករ ដែលធ្វើការនៅក្នុងការដ្ឋាននោះនូវអង្ករចំនួន២០បេ និងមីចំនួន១០កេស ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន៕