(ភ្នំពេញ)៖ លោក រ័ត្ន ស៊្រាង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយខ្លឹមសារកិច្ចការដែលត្រូវធ្វើចំពោះមុខ១៨ចំណុច របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានលើកឡើងកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមាន៧មករា ជូនដល់គណៈកម្មាធិការគណបក្សសង្កាត់ គណៈសាខាភូមិ និងបណ្តាអង្គភាព ប្រធាន អនុប្រធានក្រុមបក្ស ព្រមទាំងយុវជន ស.ស.យ.ក ដែលមានវត្តមានសរុបចំនួន៤៨៤នាក់។

អង្គពិធីបានប្រព្រឹត្តដំណើរការទៅយ៉ាងរលូនតាមកម្មវិធីដែលបានគ្រោងទុក ក្រោមបរិយាកាសយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់។ សមាជិក សមាជិកាដែលបានចូលរួមទាំងអស់បានយល់ជ្រួតជ្រាប និងសម្តែងការគាំទ្រពេញទំហឹងចំពោះខ្លឹមសារទាំង១៨ចំណុចរបស់សម្តេចតេជោគ្រប់ៗគ្នា។

ក្នុងឱកាសនោះ សមាជិកចូលរួមទាំងអស់បានទទួលនូវអាហារសម្រន់ដែលលោក រ័ត្ន ស៊្រាង នាំយកមកបរិភោគរួមគ្នា ប្រកបដោយភាពស្និទ្ធស្នាលរីករាយកក់ក្តៅគ្រប់ៗគ្នា៕