(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២នេះ បានជួបសំណេះសំណាលជាមួយក្រុមការងារប្រចាំការនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានពាំនាំបណ្តាំសួរសុខទុក្ខពីថ្នាក់ដឹកនាំជាតិ ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលតែងតែយកចិត្តទុកដាក់ដល់ក្រុមការងារប្រចាំការអភិវឌ្ឍតំបន់បឹងជង្រុកតេជោឈ្នះឈ្នះ និងបានកោតសសើរដល់ក្រុមការងារទាំងអស់ដែលបានចូលរួមថែរក្សាសន្តិភាព និងអភិវឌ្ឍន៍មូលដ្ឋានបានរីកចម្រើន។
ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងបន្តថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានដឹកនាំប្រទេសជាតិមានសុខសន្តិភាព រីកចម្រើនលើគ្រប់វិស័យបង្កើតការងារជូនប្រជាពលរដ្ឋឱ្យមានជីវភាពធូរធា ជាក់ស្តែងតំបន់បឹងជង្រុកនេះគឺគ្មានហេដ្ឋារចនាសម្ពន្ធ ផ្លូវថ្នល់ ប្រជាពលរដ្ឋរស់នៅដោយការលំបាក។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បាននាំអំណោយឧបត្ថម្ភក្រុមការងារសម្ដេចតេជោ ក្រុមការងារស្រុកម៉ាឡៃ ក្រុមការងារកងកម្លាំង ប្រជាការពារភូមិតេជោឈ្នះឈ្នះ អនុសាខានិងសាខាបក្សភូមិ ក្រុមគ្រូពេទ្យ លោកគ្រូ អ្នកគ្រូ យុវជនសម្ពន្ធស្រលាញ់សន្តិភាព សឹករងស្រុក នរគបាលស្រុក អាវុធហត្ថស្រុកផងដែរ៕