(ភ្នំពេញ)៖ លោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២២ នាទីស្ដីការក្រសួង បានអនុញ្ញាតឱ្យជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្រ្តាលីសម្រាប់ឆ្នាំ២០២៣ ដែលមានអ្នកចូលរួមចំនួន ៣៨នាក់ (ស្រី១៩នាក់) ជួបសម្ដែងការគួរសម និងទទួលយកអនុសាសន៍ណែនាំមុនការចេញដំណើរទៅសិក្សានៅប្រទេសអូស្រ្តាលីនាពេលខាងមុខ។

បន្ទាប់ពីការសំដែងនូវការអបអរសាទរចំពោះជ័យលាភីទាំងអស់ដែលបានទទួលជោគជ័យប្រឡងជាប់ ទទួលអាហារូបករណ៍ទៅបន្តការសិក្សាក្នុងគ្រឹះស្ថានសិក្សាល្បីៗនៅប្រទេសអូស្រ្ដាលី និងការចែករំលែកបទពិសោធន៍នៃ ការបំពេញភារកិច្ច ព្រមទាំងការរៀនសូត្រពីការងារជាក់ស្ដែងរយៈពេលជាង៤ទសវត្ស ក្នុងរដ្ឋបាលសាធារណៈរួចមក រដ្ឋមន្រ្តី ព្រុំ សុខា បានបង្ហាញពីវឌ្ឍនភាពនៃការងារកំណែទម្រង់រដ្ឋបាលសាធារណៈ ទោះជាមានការប្រឈម ជាមួយនឹងការរីករាតត្បាតនៃជំងឺ កូវីដ-១៩ រយៈពេលជាង២ឆ្នាំយ៉ាងណាក្តី ក្រសួងមុខងារសាធារណៈបានចូលរួមអនុវត្តយ៉ាងសកម្មនូវគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្រោមមគ្គុទ្ទេសក៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ជាក់ស្តែងក្រសួងមុខងារសាធារណៈ បានធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងមន្រ្តីរាជការស៊ីវិល ដោយផ្សារភ្ជាប់នឹងកម្មវិធីក្នុងទូរស័ព្ទឆ្លាតវៃ (Mobile App) និងបានបោះពុម្ពអត្តសញ្ញាណប័ណ្ណមន្រ្តីរាជការស៊ីវិលប្រភេទថ្មី និងចាប់ផ្តើមដំណើរការផ្តល់ជូនមន្រ្តីរាជការ ដើម្បីប្រើប្រាស់ជាផ្លូវការសម្រាប់ជាប័ណ្ណសម្គាល់ខ្លួនផង ជាប័ណ្ណអេធីអឹម(ATM)ដកប្រាក់បៀវត្សពីធនាគារផង និងអាចប្រើប្រាស់ជាមធ្យោបាយចាំបាច់ផ្សេងទៀតផង។

ផ្អែកលើពិសោធន៍នៃការតស៊ូជំនះពុះពារការលំបាកឧបសគ្គកន្លងមក កាន់តែបញ្ជាក់ច្បាស់ពីតម្លៃនៃសុខសន្តិភាព និងបានបង្ហាញឱ្យឃើញពីភាពចាំបាច់នៃការលើកកម្ពស់សមត្ថភាពមន្រ្តីរាជការ និងការកសាងធនធានមនុស្សសម្រាប់សង្គមជាតិ ដើម្បីរក្សាស្ថិរភាព និងពង្រឹងភាពធន់នៃវិស័យសាធារណៈធ្វើជាស្នូល ឱ្យចលនារួមសំដៅបន្តជំរុញសកម្មភាពនៅទូទាំងប្រទេសរួមគ្នាប្រឈមមុខដោះស្រាយរាល់ផលវិបាកជាវិបត្តិដែលបង្កឡើងដោយកូវីដ-១៩ ក៏ដូចជាកត្តាដទៃទៀតបណ្តាលមកពីការវិវត្តន៍ប្រែប្រួលឆាប់រហ័ស និងភាពមិនប្រាកដប្រជានៃសភាពការណ៍សកលលោកនាពេលបច្ចុប្បន្ន។

ចុងបញ្ចប់នៃការសំណេះសំណាល រដ្ឋមន្រ្តី ព្រុំ សុខា បានធ្វើការផ្ដាំផ្ញើក្នុងនាមរដ្ឋាភិបាល ចំពោះនិសិ្សតជ័យលាភីអាហារូបករណ៍ទាំងអស់ត្រូវក្ដាប់ជាប់ឱកាសទទួលបានពីការអប់រំដ៏ថ្លៃថ្លានេះ ដោយត្រូវខិតខំសិក្សារៀនសូត្រឱ្យមានចំណេះដឹង និងជំនាញពិតប្រាកដដែលអាចប្រើប្រាស់បានក្នុងជីវិតការងារសម្រាប់ជាប្រយោជន៍ដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិ ហើយដើម្បីវិលត្រឡប់មកបម្រើជាតិមាតុភូមិ និងប្រជាជនយើងវិញឱ្យបានប្រសើរថ្លៃថ្លាថែមទៀត៕