(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត លឹម វឌ្ឍនា ឯកទេសតម្រងនោម និងជាប្រធានសមាគមគ្រូពេទ្យតម្រងនោមកម្ពុជា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឲ្យប្រយ័ត្ន ក្នុងការប្រើប្រាស់ផលិតផលអាហារបំប៉ន ដែលប្រឈមនឹងបញ្ហាតម្រងនោម ខណៈជំងឺនេះកំពុងមានការកើនឡើងនាពេលបច្ចុប្បន្ននេះ។
ការក្រើនរំលឹកយ៉ាងដូច្នេះពីសំណាក់លោកវេជ្ជបណ្ឌិត លឹម វឌ្ឍនា បានធ្វើឡើងក្នុងសន្និសីទសមាគមគ្រូពេទ្យតម្រង់នោមកម្ពុជាប្រចាំឆ្នាំលើកទី៥ ក្រោមប្រធានបទ «ការអភិវឌ្ឍន៏វិស័យតម្រងនោមកម្ពុជា ឲ្យកាន់តែរីកចម្រើនឡើង» នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ នាសណ្ឋាគារភ្នំពេញ។
ប្រធានសមាគមគ្រូពេទ្យតម្រងនោមកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា «ជំងឺតម្រងនោមចេះតែមានការកើនឡើងជារៀងរាល់ថ្ងៃ ដោយសារតែប្រទេសមានសុខសន្តិភាព ដូច្នេះការហូបចុកចេះតែរីកចម្រើនទៅតាមហ្នឹង មួយទៀតជាការសំណូមពរពីខ្ញុំផ្ទាល់ដែរ សូមឲ្យប្រជាជនយើងកុំចេះតែប្រើលឺគេថានេះល្អនោះល្អ ថ្នាំខ្លះ ឱសថបុរាណខ្លះមានផលប៉ះពាល់ សូម្បីតែអាហារបំប៉ន ខ្ញុំមិនឃាត់ឃាំងទេ តែសូមពិភាក្សាជាមួយគ្រូពេទ្យជំនាញ រឺក៏គ្រូពេទ្យតម្រងនោមឲ្យបានច្បាស់ មុននឹងប្រើប្រាស់»។
លោកវេជ្ជបណ្ឌិត លឹម វឌ្ឍនា បានបញ្ជាក់បន្ថែមថា ការបរិភោគក៏ជាផ្នែកមួយសំខាន់ផងដែរចំពោះបញ្ហាតម្រងនោម តួយ៉ាងដូចជាគ្រឿងផ្អែម គ្រឿងកំប៉ុង មិនផ្តល់ជាផលល្អប៉ុន្មានទេ ដូច្នេះត្រូវគិតគូរពិចារណាឲ្យបានត្រឹមត្រូវមុននឹងពិសារ ហើយស្ថិតនៅក្នុងកម្រិតមួយត្រឹមត្រូវ ចៀសវៀងបង្ករផលប៉ះពាល់ធ្ងន់ធ្ងរទៅថ្ងៃខាងមុខ។
អ្នកឯកទេសតម្រងនោមរូបនេះបានឲ្យដឹងផងដែរថា អស់រយៈពេលជាង ៦ឆ្នាំ មកហើយដែលសមាគមគ្រូពេទ្យតម្រងនោមកម្ពុជាត្រូវបានបង្កើតឡើង ក្នុងកិច្ចផ្ដួចផ្ដើមគំនិតដំបូងពីសំណាក់គ្រូពេទ្យខ្មែរដែលបម្រើការក្នុងវិស័យនេះចំនួន ១១រូប រួមទាំងមានការជួយជ្រោមជ្រែងអំពីមិត្តជប៉ុន ក្នុងគោលដៅបង្កើននូវការយល់ដឹងដល់សាធារណៈជន ជាពិសេសដល់សហភាតរៈដែលប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រទាំងអស់ឲ្យមានការយល់ដឹងអំពីវិធីបង្ការ ការធ្វើរោគវិនិច្ឆ័យ និង ការថែទាំដល់អ្នកជំងឺតម្រង់នោម ដើម្បីរួមចំណែកជាមួយក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខមាលភាពជូនប្រជាជនកម្ពុជា។
គួរបញ្ចាក់ថា ដើម្បីសម្រេចបាននូវគោលដៅនេះ សមាគមគ្រូពេទ្យតម្រងនោមបានចូលរួមក្នុងសកម្មភាពជាច្រើន ក្នុងនោះក៏មានការបង្កើតឲ្យមានជាសន្និសីទសមាគមប្រចាំឆ្នាំជារៀងរាល់ឆ្នាំ តែជាការគួរឲ្យសោកស្ដាយ រយៈពេល ២ឆ្នាំចុងក្រោយនេះគឺ ឆ្នាំ២០២០-២០២១ ការជួបជុំនេះត្រូវបានអាក់ខានដោយសារវិបត្តិជំងឺកូវីដ 19 ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក្នុងកំឡុងពេលនៃការរាតត្បាតជាសកលនេះក្រុមគ្រូពេទ្យទាំងអស់នៅតែខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវនិងបន្តអភិវឌ្ឍសមត្ថភាពក្នុងការព្យាបាលថែទាំអ្នកជំងឺរហូតដល់ពេលស្ថានភាពបានធូរស្រាល៕