(ភ្នំពេញ)៖ ទីភ្នាក់ងារសម្របសម្រួលកិច្ចសហប្រតិបត្តិការរបស់ប្រទេសទួរគី (TIKA) បានផ្តល់ជំនួយនូវម៉ាស៊ីនស្ទូងស្រូវចំនួន ២០គ្រឿង និងឧបករណ៍សម្រាប់បណ្តុះគ្រាប់ពូជ ដល់សហគមន៍កសិកម្មចំនួន ៥ នៅខេត្តចំនួន៤ ដើម្បីជួយដល់សហគមន៍កសិកម្មឱ្យមានភាពប្រសើរឡើងនូវបច្ចេកទេស និងសមត្ថភាពក្នុងការផលិតកម្មពូជស្រូវបន្ថែមទៀត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២នេះ។

ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់ក្នុងការបរិច្ចាគម៉ាស៊ីនស្ទូងស្រូវ និងឧបករណ៍សម្រាប់បណ្តុះគ្រាប់ពូជនេះ បានធ្វើឡើងរវាងទីភ្នាក់ងារសម្របសម្រួលកិច្ចសហប្រតិបត្តិការរបស់ប្រទេសទួរគី (TIKA) និង សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ដោយឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និង លោក Burak SARITARLA ប្រធានគម្រោងនៅក្នុងតំបន់អាស៊ីអាគេ្នយ៍រួមទាំងប្រទេសកម្ពុជា របស់ទីភ្នាក់ងារសម្របសម្រួលកិច្ចសហប្រតិបត្តិការប្រទេសតួគី (TIKA) ក្រោមអធិបតីភាពលោកស្រីÜlkü KOCAEFE ឯកអគ្គរដ្ឋទូតប្រទេសទួរគីប្រចាំកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ការចុះអនុស្សរណៈយោគយល់គ្នានេះ ក្នុងគោលបំណងជួយលើកកម្ពស់ជីវភាពរបស់ប្រជាកសិករ តាមរយៈការបរិច្ចាគនូវម៉ាស៊ីនស្ទូងស្រូវចំនួន ២០គ្រឿង និងឧបករណ៍សម្រាប់បណ្តុះគ្រាប់ពូជ ដល់សហគមន៍កសិកម្មចំនួន ៥ ដែលមានទីតាំងនៅក្នុងខេត្តកំពង់ចាម កំពង់ធំ ព្រៃវែង និងខេត្តតាកែវ។

ទីភ្នាក់ងារសម្របសម្រួលកិច្ចសហប្រតិបត្តិការរបស់ប្រទេសទួរគី (TIKA) បាននិងកំពុងអនុវត្តន៍គម្រោងមួយចំនួននៅក្នុងប្រទេសកម្ពុជា ក្នុងវិស័យអប់រំ គេហកិច្ច និងការបណ្តុះបណ្តាលកសាងសមត្ថភាព ហើយនេះ គឺជាគម្រោងទី១ របស់ TIKA នៅក្នុងប្រទេសកម្ពុជា លើវិស័យកសិកម្ម ដែលទីភ្នាក់ងារបានពិចារណានឹងបន្តជួយដល់សហគមន៍កសិកម្មបន្ថែមទៀតនៅកម្ពុជា។

តាមរយៈម៉ាស៊ីនស្ទូងស្រូវនេះនឹងជួយដល់សហគមន៍កសិកម្មឱ្យមានភាពប្រសើរឡើងនូវបច្ចេកទេស និងសមត្ថភាពក្នុងការផលិតកម្មពូជស្រូវបន្ថែមទៀត។

នៅក្នុងកម្មវិធីចុះហត្ថលេខានេះដែរ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងលោកជំទាវឯកអគ្គរដ្ឋទូត បានពិភាក្សាលើការងារពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងទួរគី ដែលបង្ហាញអំពីការរីកចម្រើនយ៉ាងលឿន និងបានបង្ហាញលទ្ធផលថាការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសទួរគីបានកើនដល់ ៣ ០០០ តោន ក្នុងរយៈពេល ១១ខែ នៃឆ្នាំ២០២២ ។

ភាគីទាំងពីរបានឯកភាពធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្តទៀតលើការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងផលិតកម្មស្រូវ៕