(ភ្នំពេញ)៖ ធានាគារឯកទេសវីង នៅថ្ងៃទី២០ ខែមិថុនា ឆ្នំា២០១៦ បានចុះកិច្ចព្រមព្រៀងជាមួយ ក្រសួងសាធារណការ និងដឹកជញ្ចូន ស្តីពីការបំរើសេវាបង់ប្រាក់ ទូទាត់ថ្លៃសេវាកម្មរហ័សតាមរយៈវីង នៅក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រោមអធិបតីភាព លោក តូច ចាន់កុសល រដ្ឋលេខាធិកាក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ចូចូ មាឡូឡូស អគ្គនាយកធានាគារឯកទេសវីង ក៏ដូចជាភ្ញៀវកិត្តិយសជាច្រើនទៀត។
កិច្ចព្រមព្រៀងនេះ ធ្វើឡើងក្នុងគោលបំណងដើម្បី ផ្លាស់ប្តូរការបង់កម្រៃសេវាសាធារណៈ ពីការបង់ជាសាច់ប្រាក់ មកការបង់ប្រាក់តាមបច្ចេកវិទ្យាអេឡិចត្រូនិច សម្រាប់ប្រជាពលរដ្ឋដែលប្រើសេវាកម្ម របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន។
ការធ្វើទំនើបកម្មប្រព័ន្ធទូទាត់សាច់ប្រាក់ តាមប្រព័ន្ធអេឡិចត្រូនិក នៅគ្រប់ទីកន្លែង ដែលផ្តល់សេវារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដូចជាការធ្វើ បណ្ណបើកបរ ការធ្វើស្លាកលេខយានយន្ត ឬចុះបញ្ជីរថយន្ត ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត។ ដូច្នេះប្រជាពលរដ្ឋមានភាពងាយស្រួល ក្នុងការបង់កម្រៃសេវា ដោយគ្រាន់តែទៅកាន់ ភ្នាក់ងារវីងដែលមានជាង ៤០០០កន្លែងនៅទូទំាងប្រទេស ឬ បង់តាមរយៈគណនីវីង។
លោក ចូចូ មាឡូឡូស អគ្គនាយកធានាគារឯកទេសវីង បានឲ្យដឹងថា «កិច្ចព្រមព្រៀងនេះ នឹងជួយកាត់បន្ថយពេលវេលា ការចំណាយក្រៅផ្លូវការ ថែមទំាងមាន សុវត្ថិភាព ងាយស្រួលដោយប្រើសេវាកម្មតាមប្រព័ន្ធ អេឡិចត្រូនិចតាមរយៈវីង ហើយអនុញ្ញាតិឲ្យប្រជាជនទាំងអស់ធ្វើការបង់ថ្លៃសេវាកម្ម សាធារណៈ ដែលផ្តល់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ លើសពីនេះទៅទៀត នេះក៏ជា ជំហានថ្មីមួយទៀតសម្រាប់វីង ក្នុងការនាំមកនូវសេវាកម្មទូទាត់ តាមរយៈប្រព័ន្ធអេឡិចត្រូនិច ដែលល្អបំផុតសម្រាប់ប្រជាជន កម្ពុជាផងដែរ»៕