(ភ្នំពេញ)៖ កិច្ចប្រជុំតុមូលព្រះពុទ្ធសាសនាសមុទ្រចិនខាងត្បូង ឆ្នាំ២០២២ ដែលធ្វើឡើងនៅរាជធានីភ្នំពេញ បានប្រព្រឹត្តទៅដោយរលូន និងបញ្ចប់ដោយជោគជ័យ។ កិច្ចប្រជុំនេះ បានធ្វើឡើងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ដោយមានការយាង និមន្ដ និងចូលរួមពី ព្រះសង្ឃ និងថ្នាក់ដឹកនាំព្រះពុទ្ធសាសនាមកពី១៨ប្រទេស។
វេទិកាដែលធ្វើឡើងនៅរាជធានីភ្នំពេញនេះ ក៏បានសេចក្តីថ្លែងការណ៍រួមស្តីពី «គំនិតផ្តួមផ្តើមវេទិការាជធានីភ្នំពេញ នៃកិច្ចប្រជុំតុមូលព្រះពុទ្ធសាសនាសមុទ្រចិនខាងត្បូង» ដោយបានបង្ហាញពីការឯកភាព និងទំនួលខុសត្រូវផ្នែកព្រះពុទ្ធសាសនាលើវាសនាតែមួយ អភិវឌ្ឍរួមគ្នា បរិយាបន្នដោយបើកចំហ និងដំណើរឆ្ពោះទៅអនាគត។ នេះក៏បានបង្ហាញឲ្យឃើញថា កិច្ចប្រជុំតុមូលព្រះពុទ្ធសាសនាសមុទ្រចិនខាងត្បូងឆ្នាំ២០២២ ដែលបានប្រារព្ធឡើងនៅទីក្រុងស៊ិនជិន ម៉ាកាវ ប្រទេសចិន និងរាជធានីភ្នំពេញ សុទ្ធតែទទួលបានជោគជ័យជាស្ថាពរ។
លោក ឈិត សុឃុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានកោតសរសើរចំពោះព្រះតេជគុណ អ៊ីន ស៊ុន ដែលមានភាពក្លាហាន និងចក្ខុវិស័យវែងឆ្ងាយក្នុងការផ្តួចផ្តើម និងបង្កើតកិច្ចប្រជុំតុមូលព្រះពុទ្ធសាសនាសមុទ្រចិនខាងត្បូង ហើយទទួលបានការឆ្លើយតប និងគាំទ្រយ៉ាងខ្លាំងពីសំណាក់ពុទ្ធសាសនាជាច្រើនប្រទេស ធ្វើឲ្យកិច្ចប្រជុំតុមូលព្រះពុទ្ធសាសនាសមុទ្រចិនខាងត្បូងវេទិកាភ្នំពេញ បានបញ្ចប់ទៅដោយជោគជ័យ។
លោក ឈិត សុខុន បានបញ្ជាក់ថា កិច្ចប្រជុំតុមូលព្រះពុទ្ធសាសនានេះ បានបន្តធ្វើរយៈពេល៧ឆ្នាំជាប់ៗគ្នា ដោយបានពុះពារឧបសគ្គកូវីដដើម្បីបានមកប្រារព្ធធ្វើនៅរាជធានីភ្នំពេញ វាមិនមែនជារឿងងាយស្រួលនោះទេ។ លោកក៏បានអំពាវនាវឲ្យយកកិច្ចប្រជុំតុមូលនេះ ធ្វើជាចំណុចចាប់ផ្តើម និងយកទំនាក់ទំនងល្អ នៃព្រះពុទ្ធសាសនារវាងកម្ពុជា និងចិនធ្វើជាគំរូ ដើម្បីបន្តមិត្តភាពល្អទៅជំនាន់ក្រោយៗទៀត បង្កើតកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ បន្តដាក់បញ្ចូលនូវកម្លាំងចលករថ្មី ដើម្បីកសាងវេទិកាអន្តរជាតិទម្រង់ថ្មី។
លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអបអរសាទរចំពោះជោគជ័យ នៃកិច្ចប្រជុំតុមូលព្រះពុទ្ធសាសនាសមុទ្រចិនខាងត្បូង វេទិកាភ្នំពេញ។ លោកថ្លែងថា កិច្ចប្រជុំនេះបានធ្វើឡើងរយៈពេល៧ឆ្នាំជាប់ៗគ្នា ដែលកិច្ចប្រជុំលើកនេះធ្វើឡើងក្រោមប្រធានបទ «ក្តីសង្ឃឹមថ្មី ចក្ខុវិស័យថ្មី រួមគ្នាកសាងអនាគតថ្មី» មិនត្រឹមតែបន្តនិងអភិវឌ្ឍន៍ស្មារតី នៃកិច្ចប្រជុំអាណត្តិមុនៗនោះទេ ថែមទាំងឆ្លើយតបនឹងសំឡេងសម័យទំនើបនាពេលបច្ចុប្បន្ននេះផងដែរ។
លោកបានរំលេចនូវទំនាក់ទំនងដ៏ល្អរវាងប្រទេសចិន និងប្រទេសកម្ពុជា ហើយកិច្ចប្រជុំតុមូលព្រះពុទ្ធសាសនានេះបានឆ្លុះបញ្ចាំង ឲ្យឃើញអំពីទំនាក់ទំនងមិត្តភាពដ៏ស្អិតរមួតនៃប្រទេសទាំងពីរ ដោយភាគីចិនបានជ្រើសរើសកម្ពុជា ជាប្រទេសក្រៅស្រុកទីមួយ សម្រាប់រៀបចំកិច្ចប្រជុំនេះ។ លោកជឿជាក់ថា វេទិកាភ្នំពេញនេះ នឹងជួយជំរុញទំនាក់ទំនងវិស័យវប្បធម៌ប្រទេសទាំងពីរ ឲ្យកាន់តែល្អប្រសើរឡើង។
លោកបានបន្ថែមថា ឆ្នាំ២០២៣ គឺជាខួបគម្រប់៦៥ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ហើយក៏ជាឆ្នាំមិត្តភាពកម្ពុជា-ចិនផងដែរ។ លោកសង្ឃឹមថា វិស័យព្រះពុទ្ធសាសនាកម្ពុជា-ចិននឹងរីកចម្រើនទៅមុខ បង្កើនសកម្មភាពវប្បធម៌ក្នុងវិស័យព្រះពុទ្ធសាសនាថែមមួយកម្រិតទៀត ពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ដើម្បីចូលរួមជាវិភាគទានក្នុងការកសាងសន្តិភាព និងវឌ្ឍន៍ភាពជូនពិភពលោក និងកសាងវាសនាតែមួយសម្រាប់មនុស្សលោក។
ជាមួយគ្នានេះ លោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានថ្លែងថា មិត្តភាពកម្ពុជា និងចិនរឹងមាំជាងដែកថែបទៅទៀត មិនត្រឹមតែក្លាយជាគំរូសម្រាប់សង្គមអន្តរជាតិលើការជឿទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ វាក៏ជាទ្រព្យដ៏មហាសាលដែលប្រទេសទាំងពីរ មានទំនាក់ទំនងគ្នាល្អលើវិស័យវប្បធម៌ ធ្វើឲ្យប្រជាជន និងប្រជាជនមានភាពស្និទ្ធស្នាលនឹងគ្នា។
លោកបានកោតសរសើរចំពោះព្រះតេជគុណ អ៊ីន ស៊ុន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញ និងអភិវឌ្ឍន៍វិស័យវប្បធម៌ អប់រំ និងសប្បុរសធម៌នៅកម្ពុជា ហើយលោកសង្ឃឹមថា នាឆ្នាំ២០២៣ ដែលជាខួបគម្រប់៦៥ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន កិច្ចប្រជុំតុមូលនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញឲ្យប្រជាជនប្រទេសទាំងពីរកាន់តែយល់ចិត្តគ្នា សិក្សារៀនសូត្រពីអរិយធម៌ទៅវិញទៅមក ហើយបន្តដើរតួនាទីកាន់តែសំខាន់សម្រាប់ប្រទេសទាំងពីរ។
សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស និងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី បានសម្តែងនូវការអបអរ និងកោតសរសើរចំពោះកិច្ចប្រជុំតុមូលព្រះពុទ្ធសាសនាសមុទ្រចិនខាងត្បូងវេទិកាភ្នំពេញ ដែលបានប្រារព្ធឡើងដោយជោគជ័យ ដោយព្រះអង្គបានសង្កត់ធ្ងន់ថា កិច្ចប្រជុំនេះ នឹងជំរុញឲ្យទំនាក់ទំនងផ្នែកព្រះពុទ្ធសាសនាគ្រប់មជ្ឈដ្ឋានកាន់តែល្អប្រសើរឡើងជាក់ជាមិនខាន។
ព្រះតេជគុណ អ៊ីន ស៊ុន បានរំលេចនូវមនោសញ្ចេតនារបស់ព្រះអង្គជាមួយនឹងប្រទេសកម្ពុជា និងប្រជាជនកម្ពុជានាពេលប៉ុន្មានឆ្នាំមកនេះ។ វេទិកាភ្នំពេញ ជាដំណើរវិវឌ្ឍថ្មីនៃព្រះពុទ្ធសាសនាសមុទ្រចិនខាងត្បូង ដោយបានបើកទំព័រប្រវត្តិសាស្ត្រថ្មី នៃទំនាក់ទំនងផ្នែកព្រះពុទ្ធសាសនានៅក្នុងសង្គមស៊ីវិល ហើយយើងនឹងបន្តពង្រឹង និងពង្រីកការអភិវឌ្ឍផ្នែកព្រះពុទ្ធសាសនាបន្ថែមទៀត។
ដើម្បីជំរុញទំនាក់ទំនងព្រះពុទ្ធសាសនាកម្ពុជា-ចិន និងដើម្បីកសាងវាសនាតែមួយ នៃសមុទ្រចិនខាងត្បូង ព្រះអង្គបានផ្តល់នូវអានុសាសន៍ ចំនួន៤ចំណុចដូចខាងក្រោម៖
*ទី១៖ បន្តពង្រឹងវាសនាតែមួយ ធ្វើជាអ្នកបន្តវេនផ្សព្វផ្សាយមិត្តភាពប្រពៃណីកម្ពុជា-ចិនដ៏ស្មោះស្ម័គ្រ
*ទី២៖ បន្តពង្រឹងវាសនាតែមួយ ធ្វើជាអ្នកការពារសុខសន្តិភាព និងការអភិវឌ្ឍសមុទ្រខាងត្បូងដ៏រឹងមាំ
*ទី៣៖ បន្តពង្រឹងវាសនាតែមួយ ធ្វើជាអ្នកផ្តួចផ្តើមអំពីការសិក្សារៀនសូត្រអរិយធម៌សមុទ្រខាងត្បូងដ៏មានឥទ្ធិពល
*ទី៤៖ បន្តពង្រឹងវាសនាតែមួយ ធ្វើជាអ្នកដឹកនាំគំរូ នៃវេទិកាតុមូលសមុទ្រខាងត្បូង។
នៅក្នុងកិច្ចប្រជុំតុមូលនេះ ព្រះសង្ឃ និងអ្នកតំណាងផ្នែកព្រះពុទ្ធសាសនាមកពីប្រទេសម៉ុងហ្គោល មីយ៉ាន់ម៉ា ថៃ ជប៉ុន នេប៉ាល់ អង់គ្លេស សិរីលង្កា កូរ៉េខាងត្បូង សហរដ្ឋអាម៉េរិក ឡាវ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី អឺរ៉ុប ខេត្តតៃវ៉ាន់ និងទីក្រុងហុងកុងនៃប្រទេសចិន។ល។ ក៏បានចូលរួមមតិយោបល់ទាំងនៅកន្លែងផ្ទាល់ និងតាមរយៈឃ្លីបវីដេអូ។ កិច្ចប្រជុំតុមូលក៏បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពី «គំនិតផ្តួមផ្តើមវេទិការាជធានីភ្នំពេញ នៃកិច្ចប្រជុំតុមូលព្រះពុទ្ធសាសនាសមុទ្រខាងត្បូង»៕