(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២នេះ ក្នុងបរិវេណវត្តព្រះពុទ្ធមានបុណ្យ អនុសាខាកាកបាទក្រហមខណ្ឌ៧មករា ដឹកនាំដោយ លោក ថេង សុថុល អភិបាលខណ្ឌ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហម ខណ្ឌ៧មករា និងលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ និងជាប្រធានកាកបាទក្រហមខណ្ឌ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល រួមទាំងផ្តល់ អំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋដែលជួបជីវភាពខ្វះខាត ចំនួន ១០០គ្រួសារ ដែលមកពីសង្កាត់អូរឬស្សីទី១ ចំនួន ៥០គ្រួសារ និងសង្កាត់អូរឬស្សីទី៣ ចំនួន ៥០គ្រួសារ។
លោក ថេង សុថុល បានកោតសរសើរដល់សកម្មភាពមនុស្សធម៌ របស់អនុសាខាកាកបាទក្រហមខណ្ឌ៧មករា ដែលបានផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតកន្លងមក និងបាននាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែ បានគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ច ចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិ សាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល»។
លោក ថេង សុថុល នៅក្នុងពេលចែកអំណោយ បានថ្លែងដាស់តឿន អ៊ុំពូមីង យាយតា យកចិត្តទុកដាក់ថែរក្សាសុខភាព និងបញ្ហាអនាម័យល្អឲ្យបានគ្រប់ៗគ្នា ខណៈរដូវនេះជារដូវរំហើយ ងាយប្រឈមនឹងជំងឺផ្តាសាយ ជាពិសេសជំងឺគ្រុនឈាម។ លោកបានណែនាំនូវការប្រកាន់ខ្ជាប់ការហូបស្អាត ផឹកស្អាត រស់នៅស្អាត អនាម័យបរិស្ថានល្អ ដែលជាកត្តាជាឆ្ងាយពីមេរោគនានា។
នៅក្នុងពិធីចែកអំណោយនេះ លោកអភិបាលខណ្ឌ៧មករា ក៏បានថ្លែងដាស់តឿនដល់ប្រជាពលរដ្ឋត្រូវរៀបចំទុកដាក់ វេចខ្ចប់ទុកដាក់ នៅក្នុងផ្ទះឲ្យបានត្រឹមត្រូវ រង់ចាំរថយន្តប្រមូលសម្រាមមកដល់ ចាំបញ្ចេញមកក្រៅ។ ពិសេសនៅរដូវរងាខាងមុខនេះ ចូរអំ ពូ មីង លោកយាយ លោកតា ថែរក្សាសុខភាព សូមបន្ដចូលរួមអនុវត្ដនូវវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរព តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា «៣ការពារ និង ៣កុំ» គឺដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នាផងដែរ។
អំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហម ខណ្ឌ៧មករា ដែលបានផ្តល់ជូន ក្នុងមួយគ្រួសារ រួមមាន៖ អង្ករ ២៥គីឡូក្រាម, ទឹកបរិសុទ្ធ ១កេស, មី ១កេស, ទឹកត្រី ឬទឹកស៊ីអីវ ១យួរ និងថវិកា ២ម៉ឺនរៀល ក្នុងមួយគ្រួសារ ដើម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃផងដែរ៕