(ក្រចេះ)៖ លោកស្រី ហ៉ឹង ណារី វ៉ាថន ប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ខេត្តក្រចេះ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២នេះ បានដឹកនាំការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ២០២២ ក្រោមប្រធានបទ «ធ្វើឱ្យមានសមភាព» និងបានចុះជួបសំណេះសំណាលសួរសុខទុក្ខ ចែកអំណោយដល់អ្នកផ្ទុកមេរោគអេដស៍ និងជនពិការចំនួន៦០គ្រួសារ នៅសាខាកាកបាទក្រហមកម្ពុជាស្រុកឆ្លូង។

អ្នកផ្ទុកមេរោគអេដស៍ និងជនពិការទាំងចំនួន៦០គ្រួសារនោះ ក្នុងមួយគ្រួសារទទួលបានមី១កេស ត្រីខ១យួរ ភួយ១ ក្រមា១ អាវយឺត៤ និងថវិកាចំនួន៤ម៉ឺនរៀល។

នាឱកាសនោះ លោកស្រី ហ៉ឹង ណារី វ៉ាថន បានបញ្ជាក់ថា ចាប់ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានខិតខំប្រឹងប្រែងរិះរកគ្រប់មធ្យោបាយ ដើម្បីផ្ដល់ការអប់រំ ណែនាំ ផ្សព្វផ្សាយ សំដៅកាត់បន្ថយអត្រាឆ្លងមេរោគអេដស៍ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ និងអត្រាចម្លងពីម្តាយទៅកូន រហូតទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់គួរឲ្យកត់សម្គាល់។

ជាងនេះទៅទៀត ភាពរើសអើងនៅក្នុងសង្គម ក៏ត្រូវបានកាត់បន្ថយ និងលុបបំបាត់ស្ទើរទាំងស្រុង ខណៈនាពេលបច្ចុប្បន្ន ជំងឺដ៏កាចសាហាវមួយនេះត្រូវបានមនុស្សជាតិទប់ទល់ និងគ្រប់គ្រងបានដោយវិធីសាស្ត្រផ្សេងៗ ហើយវាក៏ក្លាយទៅជាមធ្យោបាយដ៏មានប្រសិទ្ធភាពសម្រាប់ប្រជាពលរដ្ឋរងគ្រោះអាចសម្របខ្លួនរស់នៅ ប្រកបរបរចិញ្ចឹមជីវិតក្នុងសហគមន៍បានប្រសើរដូចប្រជាជនដទៃទៀតដែរ។

លោកស្រីបានបន្តថា អ្វីដែលសំខាន់ គឺប្រជាពលរដ្ឋរងគ្រោះបានទទួលសេវាកម្មថែទាំ គាំទ្រ និងព្យាបាលពីសង្គមជាតិ ដោយគ្មានការរើសអើង។ ទោះបីយ៉ាងនេះក្តី រាជរដ្ឋាភិបាលកម្ពុជា កាកបាទក្រហមកម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅតែបន្តប្រឹងប្រែងរួមគ្នាប្រយុទ្ធនឹងជំងឺអេដស៍ឲ្យឈានឆ្ពោះទៅសម្រេចបានគោលដៅ បញ្ចប់បញ្ហាអេដស៍នៅកម្ពុជាត្រឹមឆ្នាំ២០២៥ ពោលគឺគ្មានការឆ្លងថ្មីនៃមេរោគអេដស៍ គ្មានការរើសអើងអ្នកផ្ទុកមេរោគអេដស៍ និងគ្មានអ្នកជំងឺអេដស៍ដោយមិនបានទទួលការព្យាបាលជាមួយឱសថប្រឆាំងនឹងមេរោគអេដស៍។

លោកស្រីមានទំនុកចិត្តយ៉ាងខ្លាំងទៅលើពាក្យស្លោក «ធ្វើឱ្យមានសមភាព» ដោយសម្អាងទៅលើការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គួបផ្សំជាមួយកម្លាំងចលករដទៃទៀត ដូចជាក្រសួងសុខាភិបាល កាកបាទក្រហម អង្គការនានា និងអ្នកពាក់ព័ន្ធដទៃទៀត។ សំខាន់បំផុតនោះ គឺចំពោះប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធនឹងជំងឺនេះ ចាំបាច់ត្រូវតែយកចិត្តទុកដាក់ថែទាំសុខភាពដោយប្រុងប្រយ័ត្ន និងអនុវត្តឱ្យបានហ្មត់ចត់តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។

លោកស្រីក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់សូមរក្សាសុខភាពឲ្យបានល្អ ហើយចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ដ៏កាចសាហាវ និងសូមចូលរួមជាមួយរាជរដ្ឋាភិបាលអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល បន្តសម្របសម្របខ្លួនរៀនរស់តាមគន្លងថ្មី។

នាថ្ងៃដដែលនោះ លោកស្រី ហ៉ឹង ណារី វ៉ាថន ក៏បានបន្តចុះសួរសុខទុក្ខដល់ផ្ទះជនពិការចំនួន២នាក់ទៀត នៅឃុំបុស្សលាវ ស្រុកចិត្របុរី គឺស្ត្រីម្នាក់ជាអតីតប្រធានក្រុមអ្នកស្ម័គ្រចិត្តកាកបាទក្រហម ដោយគាត់មានជំងឺលើសឈាមរ៉ាំរ៉ៃយូរឆ្នាំ និងលោកយាយម្នាក់ទៀតមានជំងឺកៀបសរសៃរួញដៃជើងយូរឆ្នាំ។ ពួកគាត់ម្នាក់ៗទទួលបានភួយ១ ក្រមា១ អាវយឺត៤ និងថវិការបស់សាខានិងសប្បុរសជនជាង២០ម៉ឺនរៀល៕