(បាត់ដំបង)៖ ដោយទទួលដំណឹងថាបុរសចំណាស់ម្នាក់មានជំងឺប្រចាំកាយ និងមាននូវជីវភាពខ្វះខាត លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់តំណាងឱ្យនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ប្រគល់ជូនបុរសទុរគតរូបនោះដល់ខ្នងផ្ទះនៅស្រុកបាណន់ ខេត្តបាត់ដំបង។

ការប្រគល់អំណោយនេះធ្វើឡើងនារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ តាមរយៈលោក កង ប៊ន អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងមន្រ្តីប្រតិបត្តិសាខា រួមជាមួយក្រុមកាកបាទក្រហមឃុំ។

បុរសចំណាស់រូបនោះមានឈ្មោះ ហេង អុយ អាយុ៥២ឆ្នាំ មានជំងឺប្រចាំកាយធ្ងន់ធ្ងរ មានជីវភាពខ្វះខាតខ្លាំង ក្នុងគ្រួសារមានសមាជិក៦នាក់ រស់នៅភូមិអូរពង់មាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

ក្នុងឱកាសនោះ លោក កង ប៊ន បាននាំយកប្រសាសន៍របស់លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការគិតគូរពីជីវភាពរស់នៅរបស់ក្រុមគ្រួសារលោក ហេង អុយ។

អំណោយរបស់សាខាខេត្តបានផ្ដល់ជូន រួមមានអង្ករ៥០គីឡូក្រាម ទឹកបរិសុទ្ធ៥កេស មី២កេស ត្រីខ២យួរ ទឹកត្រី២យួរ ទឹកស៊ីអ៉ីវ២យួរ និងថវិកាមួយចំនួនផងដែរ៕