(ភ្នំពេញ)៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ បានថ្លែងថា កត្តាសុខសន្តិភាព បាននាំឲ្យកម្ពុជាមានការអភិវឌ្ឍឥតឈប់ឈរទាំងអាណាចក្រ និងពុទ្ធចក្រ ដែលប្រជាពលរដ្ឋទាំងអស់ សប្បាយរីករាយ និងប្រាថ្នាចង់បានគ្រប់ៗគ្នា។
លោក កើត ឆែ បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីសម្ពោធកុដិ និងសមិទ្ធផលនានា ក្នុងវត្តតាំងក្រសាំងខាងជើង ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ក្រោមអធិបតីភាព លោកកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា តំណាងឲ្យសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។
លោក កើត ឆែ បានថ្លែងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសៃ និងគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានខិតខំប្រឹងប្រែង ក្នុងការអភិវឌ្ឍវិស័យ ពុទ្ធសាសនា ឲ្យមានភាពរីកចម្រើន ដោយបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ រវាងផ្នែកពុទ្ធចក្រ និងផ្នែកអាណាចក្រ ជាពិសេសស្វែងរកភាពសុខដុមនីយកម្ម នៃវិស័យសាសនា ក្នុងសង្គមកម្ពុជា ដើម្បីពង្រឹងនូវសាមគ្គីភាព សិល្បៈនៃការចែករំលែក នឹងឈោងចាប់យកសុខ សន្តិភាពដ៏ពេញលេញ សុខុមាលភាពផ្លូវកាយ ផ្លូវចិត្ត និងការអភិវឌ្ឍជាតិ មាតុភូមិ។
លោកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ជូនប្រជាជនខ្មែរ នូវសុខសន្តិភាព ស្ថិរភាព ការបង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងមានការ បើកទូលាយក្នងការប្រតិបត្តិសាសនា ធ្វើឲ្យពុទ្ធបរិស័ទ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា រស់នៅយ៉ាងសុខដុមរមនា ហើយសមិទ្ធផល ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត វត្តអារាម និងកន្លែងសក្ការៈបូជានានា ត្រូវបានកសាងឡើងជាបន្តបន្ទាប់ ត្រប់ទិសទីពាសពេញផ្ទៃប្រទេស។
លោកបានបន្តថា សមិទ្ធផលទាំងឡាយ ដែលត្រូវបានកសាងឡើង ក្នុងទីវត្តតាំងក្រសាំងខាងជើង នាពេលនេះ គឺបានកើតចេញពីមនុញ្ញផលនៃ «សន្តិភាព និងការអភិវឌ្ឍជាតិមាតុភូមិ» ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន តាមរយៈកម្លាំង មហាសាមគ្គីរបស់រាជរដ្ឋាភិបាល អាជ្ញាធរដែនដី ព្រះសង្ឃ លោកយាយ លោកតា ពុទ្ធបរិស័ទចំណុះជើងវត្ត បងប្អូនប្រជាពលរដ្ឋ ព្រមទាំងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដើម្បីទ្រទ្រង់លើកស្ទួយវិស័យ ពុទ្ធសាសនា។
លោកថា «សន្តិភាព» គឺជាកត្តាសារវន្ត និងមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយប្រសិនបើប្រទេសជាតិរបស់យើង គ្មានសុខសន្តិភាព គ្មានការបង្រួបបង្រួមជាតិ និងគ្មានការអភិវឌ្ឍ ម៉្លេះសមសមិទ្ធផល ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត វត្តអារាម និងទីកន្លែងសក្ការៈបូជា គ្រប់ទិសទីពាសពេញផ្ទៃប្រទេស ពិតជាមិនអាចកសាងឡើងជាបន្ត បន្ទាប់ច្រើនអនេក ដូចសព្វថ្ងៃនេះឡើយ។
នៅក្នុងឱកាសនោះ លោកកិត្តិសង្គហបណ្ឌិត ទេព ងន បានលើកឡើងថា ការរីកចម្រើនផ្នែកអាណាចក្រ និងពុទ្ធចក្រ គួជាទីមោទនៈ ដោយធានាបានសុខដុមនីយកម្មរវាងសាសនាទាំងអស់ ក្នុងប្រទេសកម្ពុជា ហើយគ្មានការរើសអើង និងគ្មានជម្លោះសាសនា។ ដោយឡែកការរីកចម្រើនឥតឈប់ឈរ ក្នុងវិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ គឺបានកើតចេញអំពីជំនឿដ៏ជ្រះថ្លា និងមោះមុត របស់ពុទ្ធសាសនិកកម្ពុជា នៅទូទាំងប្រទេស និងក្រៅប្រទេស។
លោកបានបន្តថា ការរីកចម្តើនផ្នែកវិស័យពុទ្ធសាសនាគឺបានរួមចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម តាមរយៈការអប់រំ ការអភិវឌ្ឍធនធានមនុស្ស និងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ ការអភិរក្សវប្បធម៌ សន្តិភាព សាមគ្គីភាព និងមិត្តភាព ដែលជាមាគ៌ាដ៏ប្រពៃ នាំឲ្យសម្រេចគោលដៅសង្គម គឺបំបាត់អំពើហិង្សា ប្រទូស្តរាយ ការប្រព្រឹត្តិអំពើទុច្ចរិត និងអនាចារ្យផ្សេង២។
សូមបញ្ជាក់ថា សមិទ្ធផលនានា ដែលត្រូវសម្ពោធឆ្លងនាពេលនេះ គឺមានកុដិថ្មី ១ខ្នង មានទំហំ១២ម៉ែត្រគុណ នឹង១៤ម៉ែត្រជាន់ផ្ទាល់ដី ដែលអគារនេះ បានបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ និងបានបញ្ចប់ការសាងសង់ជាស្ថាបពរ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ដោយបានជាវពុទ្ធបដិមាថ្មកែវ ចំនួន ២៨អង្គ ទុកជាទីសក្ការៈបូជា សរុបចំណាយបច្ច័យកសាងអស់ចំនួន ១៧៣,៦១៤ដុល្លារ។
ក្រៅអំពីសមិទ្ធផលនេះ ក៏នៅមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀត ដែលត្រូវបានកសាង ឡើងក្នុងទីវត្តតាំងក្រសាំងខាងជើងយើងនេះ ក្នុងនោះ រួមមាន ៖ កសាង ប្រាសាទទេវតា ២កន្លែង, កសាងពុទ្ធបដិមាប្រោសបញ្ចវគ្គីយ៍, កសាង ក្លោងទ្វារផ្នែកខាងលិចវត្ត ១កន្លែង, កសាងរបងវត្តផ្នែកខាងមុខ ប្រវែង ៣០០ ម៉ែត្រ, កសាងផ្លូវបេតុងចូលវត្ដវែង៣២០ម៉ែត្រ, កសាងផ្លូវបេតុងខាងក្រៅ វត្តផ្នែកខាងកើតប្រវែង ២៧០ម៉ែត្រ, ធ្វើ ផ្លូវក្រាលគ្រួសក្រហមខាងក្រៅវត្តផ្នែកខាងត្បូងប្រវែង ២៥០ ម៉ែត្រ, ក្រាលម៉ាបជណ្តើរឡើងឧបដ្ឋានសាលា, ចាក់សាប និងក្រាលការ៉ូឡា សម្អាតទីធ្លាវត្តទំហំ ១,៨០០ម៉ែត្រក្រឡា រួមទាំងរៀបចំកែលម្អ សួនច្បារក្នុងវត្តផងដែរ ហើយបើសរុបជារួម គម្រោងនេះចំណាយបច្ច័យកសាងអស់ចំនួន ៤២៨,៩៧០ដុល្លារ៕