ថ្ងៃស្អែក តុលាការនឹងបន្តការសាកសួរ លើមន្រ្តីអាដហុក២នាក់ ដែលពាក់ព័ន្ធនឹងសំណុំរឿង សូកប៉ាន់សាក្សី
20-06-2016 17:07
(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ស្អែកនេះ លោក ធាម ចន្ទ័ពិសិដ្ឋ ចៅក្រមសើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នឹងបន្តការសាកសួរបន្ថែម លើមន្រ្តីអាដហុក២នាក់ ជុំវិញសំណុំរឿង សូកប៉ាន់សាក្សី។ នេះបើតាមការឱ្យដឹងពីលោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ។
មន្រ្តីអាដហុក២នាក់នោះ រួមមាន លោក ណៃ វ៉ង់ដា ដែលត្រូវអនុរក្សបញ្ជូនខ្លួនពន្ធនាគារព្រៃស ទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង៧៖៣០ព្រឹក និង លោក នី សុខា ដែលនឹងត្រូវអនុរក្សពន្ធនាគារ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅពេលរសៀល។
សូមបញ្ជាក់ថា កាលពីចុងខែមេសា ឆ្នាំ២០១៦ អង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួន មន្ត្រីសមាគមអាដហុក៤រូប និង អគ្គលេខាធិការរងគ.ជ.ប១រូប បន្ទាប់ពីមានតម្រុយពីកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ក្នុងនោះ រួមមាន មន្រ្តីអាដហុក លោក នី សុខា, លោក យី សុខសាន្ត, លោក ណៃ វង់ដា និង អគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា ។
មន្រ្តីអាដហុក៤នាក់ខាងលើ ត្រូវបានលោកព្រះរាជអាជ្ញារង គុជ គឹមឡុង ចោទពីបទសូកប៉ាន់សាក្សី ដែលពួកគេត្រូវបានសាលាដំបូងឃុំខ្លួន កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ ខណៈដែល អគ្គលេខាធិការរងគ.ជ.ប លោក នី ចរិយា ដែលជាអតីតមន្រ្តីអាដហុកនោះ ត្រូវបានតុលាការចោទពីបទសមគំនិតសូកប៉ាន់សាក្សី៕