(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានបញ្ជាក់ថា បរធនបាលកិច្ចដែលបានចុះបញ្ជី បានកើនពីចំនួន១៧ករណី ជាមួយនឹងទំហំបរធនប្រមាណជា១៥៦លានដុល្លារ នៅឆ្នាំ២០២១ ដល់ចំនួន៣០០ករណី ជាមួយនឹងទំហំបរធនប្រមាណ៤២៦លានដុល្លារ គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២។
ស្ថិតិកំណើននេះត្រូវបានបង្ហាញក្នុងកិច្ចប្រជុំបរធនបាលកិច្ចប្រចាំឆ្នាំ២០២២ ក្រោមការដឹកនាំរបស់លោក សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. នៅទីស្តីការរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២។
កិច្ចប្រជុំបរធនបាលកិច្ចប្រចាំឆ្នាំ២០២២នេះត្រូវបានរៀបចំឡើង ដោយមានការចូលរួមពីនិយ័តករ និងប្រតិបត្តិករក្នុងវិស័យបរធនបាលកិច្ច ដែលមានក្រុមហ៊ុនបរធនបាល បរធនបាលរូបវន្ដបុគ្គល ប្រតិបត្តិករបរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (Escrow Services) និងបុគ្គលពាក់ព័ន្ធដែលផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ច ដើម្បីពិនិត្យរួមគ្នាអំពីវឌ្ឍនភាពនៃកិច្ចដំណើរការអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅកម្ពុជា រួមទាំងបញ្ហាប្រឈមដែលបាននិងកំពុងកើតមាន និងដំណោះស្រាយពាក់ព័ន្ធ ក៏ដូចជាសក្តានុពល និងកាលានុវត្តភាពនៃប្រតិបត្តិការបរធនបាលកិច្ច។
ជាលទ្ធផល កិច្ចប្រជុំបានបង្ហាញពីចំណាប់អាម្មណ៍សាទរលើភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យបរធនបាលកិច្ច តាមរយៈកំណើនបរធនបាលកិច្ចដែលបានចុះបញ្ជី ដែលក្នុងនោះបានកើនពីចំនួន១៧ករណី ជាមួយនឹងទំហំបរធនប្រមាណជា១៥៦លានដុល្លារ នៅឆ្នាំ២០២១ ដល់ចំនួន៣០០ ករណី ជាមួយនឹងទំហំបរធនប្រមាណ៤២៦លានដុល្លារ គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ។ ដូចគ្នាផងដែរ កិច្ចប្រជុំបានសាទរទៅលើអត្ថិភាពនៃតួអង្គប្រតិបត្តិករសំខាន់ៗក្នុងទីផ្សារ មានដូចជាក្រុមហ៊ុនបរធនបាល បរធនបាលរូបវន្ដបុគ្គលឯករាជ្យ បរធនបាលរូបវន្ដបុគ្គលនៃក្រុមហ៊ុនបរធនបាល ប្រតិបត្តិករបរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (Escrow Services) ក្នុងវិស័យបរធនបាលកិច្ច និងបុគ្គលពាក់ព័ន្ធដែលផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ច។
ជាមួយគ្នានេះ កិច្ចប្រជុំក៏បានធ្វើការពិភាក្សាផងដែរអំពីបញ្ហាប្រឈមពាក់ព័ន្ធ ដូចជាការយល់ដឹងជាសាធារណៈ និងការអនុវត្តច្បាប់នៅមានកម្រិត ព្រមទាំងស្នើឡើងនូវដំណោះស្រាយគន្លឹះសំខាន់ៗ ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងគោលដៅជំរុញការអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅកម្ពុជា និងក្នុងគោលដៅធ្វើយ៉ាងណាឲ្យយន្តការនិងប្រតិបត្តិការបរធនបាលកិច្ចអាចក្លាយជាឧបករណ៍ចូលរួមចំណែកក្នុងការជំរុញការអភិវឌ្ឍវិស័យពាក់ព័ន្ធផ្សេងទៀតផងដែរ៕