(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប មន្ទីរអប់រំយុវជន និងកីឡា, មន្ទីរមុខងារសាធាណរៈ និងស្ថាប័នពាក់ព័ន្ធ បានវាយតម្លៃ និងផ្តល់ពិន្ទុដល់សាលារៀនចំនួន៤ ក្នុងខេត្តសៀមរាប ជាប់ជាសាលាគំរូខាងផ្នែកផ្តល់សេវាសាធារណៈទាក់ទងនឹងវិស័យអប់រំ ក្នុងចំណោមសាលារៀនជិត៣០ នៅក្នុងខេត្តដែលនឹងត្រៀមចូលរួមប្រកួតប្រជែងថ្នាក់ជាតិខាងមុខនេះ។

​លោក លី ប៊ុណ្ណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប បានបញ្ជាក់ប្រាប់ Fresh News ឱ្យដឹងថា អនុវិទ្យា​ល័យ​ចំនួន២ ដែលជាប់​ជា​សាលា​គំរូ​ខាងផ្នែក​ផ្តល់សេវាសាធារណ​:​ទាក់ទងនឹងវិស័យ​អប់រំ គឺអនុវិ​ទ្យាល័យ​ខ្មែរ​មិ​ត្ដ​ភាព​ជប៉ុន​ព្រះ​ឥន្ទ​កោសា​ក្រុង​សៀម​រាប​ បានជា​ប់​ចំណាត់​ថ្នាក់​លេខ​១ និង​អនុវិ​ទ្យាល័យ​អង្គរធំ​ បានជា​ប់​ចំណាត់​លេខ​២។ ដោយឡែក សាលា​បឋម​សិក្សាក៏មាន​ចំនួន​២​ផងដែរ​ ដែ​លជាប់សាលា​ផ្ដល់​សេវាសា​ធារណៈ​គំរូ​សម្រាប់​វិស័យ​អប់រំ ​មា​ន​បឋម​សិក្សា​វ​ត្ត​បូ​ព៌ និង​បឋម​សិក្សា​ក្រ​វាន់ ហើយ​សាលា​ទាំង​ពីរនេះ​ ក៏ត្រៀម​នឹង​ចូល​ប្រកួត​ថ្នាក់​ជាតិ​នៃ​ការប្រឡង​ប្រណាំង​ផ្តល់​សេវា​សាធា​រណៈ​ល្អ​ផ្នែក​អប់រំ​ផងដែរ។

លោក​ លី ប៊ុណ្ណា បានបន្តថា កាលពីឆ្នាំកន្លងទៅការវាយសាលា​គំរូ​ខាងផ្នែក​ផ្តល់សេវាសាធារណ​:​ទាក់ទងនឹងវិស័យ​អប់រំ គឺរៀបចំធ្វើតែនៅវិទ្យាល័យប៉ុណ្ណោះ ហើយវិទ្យល័យចំនួន២ នៅក្នុងខេត្តសៀមរាប ក៏បានជាប់ជាវិទ្យាល័យគំរូផងដែរ ក្នុងនោះមាន៖ វិទ្យល័យពួក និងវិទ្យល័យហ៊ុនសែនប្រាសាទបាគង។

លោក​ លី ប៊ុណ្ណា បានបន្តទៀតថា ចំពោះការវាយ​តម្លៃ​ និងផ្ដល់​ពិន្ទុដល់​សាលា​រៀន​គំរូ​ទាំងនេះ ​គឺមាន​ការចូលរួមពី​អាជ្ញា​ធរ​ខេត្ដ មន្ទី​រអប់រំ​យុវជន និង​កីឡា មន្ទីរ​មុខ​ងារ​សាធារណ​: និង​ស្ថាប័ន​ពាក់​ព័ន្ធ​ ដោយបានចុះទៅពិនិត្យនៅតាមសាលានីមួយៗដោយផ្ទាល់ ដើម្បីធ្វើការវាយ​តម្លៃ​ និងផ្ដល់​ពិន្ទុផងដែរ។

ដោយឡែក ចំពោះលក្ខណ​​វិនិច្ឆ័យ​មានចំនួន ៨​ចំណុច ​ដែល​ត្រូវបាន​យក​មក​ធ្វើការ​វាយ​តម្លៃរួមមាន​ទី១៖ ស្ដង់​ដា​សេវាសា​ធារណៈ ទី២៖ ភាពងាយស្រួលក្នុងការទទួលយកសេវាទី៣៖ ភាពយកចិត្តទុកដាក់ក្នុងការទទួលអ្នកប្រើប្រាស់សេវា, ទី៤៖ ការផ្តល់សេវាតាមគោលការណ៍កំណត់ និងអភិបាលកិច្ចទី៥៖ ការអនុវត្តដើម្បីភាពស្អាត អនម័យ និងភាពបៃតងក្នុងសាលារៀន, ទី៦៖ ទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ សហគមន៍ និងដៃគូអភិវឌ្ឍ ព្រមទាំងការចូលរួមវាយតម្លៃពីអ្នកប្រើប្រាស់សេវាសាអារណៈ, ទី៧៖ ការដោះស្រាយបញ្ហាប្រឈមជាមួយប្រជាពលរដ្ឋ និងសហគមន៍ និងទី៨៖ ការផ្តួចផ្តើមគំនិតថ្មីៗ និងនវានុវត្តន៍ ដើម្បីធ្វើឱ្យអង្គភាពមានដំណើរការកាន់តែប្រសើរ។

ជាមួយនេះដែរ លោក ​លី ប៊ុណ្ណា ក៏រំពឹងថាសាលា​រៀនទាំង​៤​នេះនឹង​ទទួល​បាន​លទ្ធ​ផល​ល្អ​ក្នុង​ការប្រ​កួត​ថ្នាក់ជាតិ​នាពេលខាងមុខ សម្រាប់​ការ​វាយ​តម្លៃ​ជា​សាលា​គំរូ​ផ្នែក​សេវា​សាធារណ​:​សម្រាប់​វិស័យ​អប់រំ​នៅ​ទូទាំងប្រ​ទេសផងដែរ៕