(ភ្នំពេញ)៖ ទេសរដ្ឋមន្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានថ្លែងបញ្ជាក់ថា ទិន្នន័យពីអង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍របស់ពិភពលោក (UNAIDS) បានបង្ហាញថា
ការឆ្លើយតបនឹងមេរោគអេដស៍ជាសាកល ក្នុងរយៈពេលជាងពីរឆ្នាំចុងក្រោយនៃបរិបទកូវីដ-១៩ រួមនឹងវិបត្តិសកលលោកផ្សេងទៀត ដូចជាសង្គ្រាមរុស្សី-អ៊ុយក្រែន បានធ្វើឲ្យវឌ្ឍនភាពនៃការប្រយុទ្ធនឹងមេរោគអេដស៍និងជំងឺអេដស៍បន្តធ្លាក់ចុះ ហើយមនុស្សរាប់លាននាក់ត្រូវប្រឈមនឹងហានិភ័យ ធ្វើឲ្យការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។
ការថ្លែងរបស់ទេសរដ្ឋមន្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ឆ្នាំ២០២២ និងពិធីបុណ្យខ្សែបូ (Rbbons Festival) កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ នៅបរិវេណ Frlends Future Factory រៀបចំដោយអង្គការ FHI 360។ ក្នុងឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមជាកិត្តិយស ពីសំណាក់លោក W. Patrick Murphy អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅក្រកម្ពុជា ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើននាក់។
ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍រូបនេះ បានថ្លែងបនុ្តថា ប្រធានបទ «ធ្វើឲ្យមានសមភាព» ជាការអំពាវនាវឲ្យយើងគ្រប់គ្នាចូលរួមដោះស្រាយវិសមភាព ដែលកំពុងរារាំងវឌ្ឍនភាពក្នុងការបញ្ចប់ជំងឺអេដស៍។ ជាពិសេស គឺការបង្កើនភាពអាចរកបាន គុណភាព និងភាពស័ក្តិសមនៃសេវាកម្ម សម្រាប់ការព្យាបាល ការធ្វើតេស្ត និងបង្ការមេរោគអេដស៍ ដើម្បីឲ្យគ្រប់គ្នាទទួលបានសេវាកម្មត្រឹមត្រូវ និងល្អប្រសើរ។ យើងអាចបញ្ចប់ជំងឺអេដស៍ ប្រសិនបើយើងបញ្ចប់វិសមភាពដែលកំពុងបន្តកើតមាន។ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នាពេលនេះ មានគោលបំណង «ឲ្យយើងទាំងអស់គ្នា ចូលរួមក្នុងការចែករំលែកសារ និងផ្តល់ឲ្យយើងទទួលបាននូវអត្ថប្រយោជន៍ នៅពេលយើងរួមគ្នាដោះស្រាយវិសមភាព»។
លោកទេសរដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ទៀតថា ទិន្នន័យពីអង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍របស់ពិភពលោក (UNAIDS) បានបង្ហាញថា ការឆ្លើយតបនឹងមេរោគអេដស៍ជាសាកល ក្នុងរយៈពេលជាងពីរឆ្នាំចុងក្រោយនៃបរិបទ កូវីដ-១៩ រួមនឹងវិបត្តិសកលលោកផ្សេងទៀត ដូចជាសង្គ្រាម រុស្សី-អ៊ុយក្រែន បានធ្វើឲ្យវឌ្ឍនភាពនៃការប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍ បន្តធ្លាក់ចុះ ហើយមនុស្សរាប់លាននាក់ត្រូវប្រឈមនឹងហានិភ័យ។
វិសមភាពសេដ្ឋកិច្ច សង្គម វប្បធម៌ និងផ្លូវច្បាប់ ជាផ្នែកមួយនៃអាទិភាពដែលគួរត្រូវបានដោះស្រាយ ជាបន្តបន្ទាប់ទៀត ក្នុងពេលអនាគត ដោយហេតុថា មានវិសមភាពនឹងអាចធ្វើឲ្យគ្រោះថ្នាក់ កាន់តែធ្ងន់ធ្ងរឡើងសម្រាប់មនុស្សគ្រប់គ្នា។ ជាការពិត ការបញ្ចប់ជំងឺអេដស៍អាចសម្រេចទៅបាន លុះត្រាតែយើងរួមគ្នាដោះស្រាយវិសមភាព។ មេដឹកនាំពិភពលោក ត្រូវតែធ្វើសកម្មភាពដោយភាពក្លាហាន និងការទទួលខុសត្រូវ ហើយយើងទាំងអស់គ្នា នៅគ្រប់ទីកន្លែង ត្រូវតែធ្វើឲ្យអស់ពីសមត្ថភាព ដើម្បីជួយដោះស្រាយវិសមភាព ដែលសកម្មភាពទាំងនេះនឹងត្រូវបានដឹកនាំដោយស្ថាប័នជាតិ និងដោយសហគមន៍ផងដែរ។
ក្នុងឱកាសនោះ ក្នុងដំណើរឆ្ពោះទៅលុបបំបាត់ការឆ្លងរីករាលដាលមេរោគអេដស៍ នៅឆ្នាំ២០២៥ ដោយជោគជ័យ ក្នុងឋានៈជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោកទេសរដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចូលរួមប្តេជ្ញាចិត្តដ៏មោះមុតជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដូចខាងក្រោម៖
* សូមយុវវ័យទាំងអស់កុំឆាប់ប្រឡូកនឹងការរួមភេទ ហើយត្រូវចាកចេញឲ្យឆ្ងាយពីគ្រឿងញៀន ដែលជាកត្តាប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍។
* សូមស្រ្តីមានផ្ទៃពោះទាំងអស់ ទៅទទួលយកការធ្វើតេស្តឈាមរកមេរោគអេដស៍ ហើយបើមានតេស្តវិជ្ជមាន ត្រូវប្រញាប់ស្វែងរកសេវាបង្ការការចម្លងមេរោគអេដស៍ ពីម្តាយទៅកូនឲ្យបានឆាប់រហ័ស នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋនានា នៅទូទាំងប្រទេស។
* បន្តចូលរួមបង្ការការចម្លងមេរោគអេដស៍ តាមរយៈការធ្វើតេស្តរកមេរោគអេដស៍ តាមគ្រប់វិធីសាស្ត្រ រួមមានការធ្វើតេស្តមេរោគអេដស៍ដោយខ្លួនឯង (HIVST) ការប្រើប្រាស់ស្រោមអនាម័យ (Condom) ការប្រើប្រាស់សេវាឱសថបង្ការទុកជាមុន (PrEP) និងឱសថបង្ការក្រោយប្រព្រឹត្តិប្រឈម (PEP)។
* សូមអ្នកដែលមានការប្រព្រឹត្តប្រឈមនឹងការឆ្លងមេរោគអេដស៍ ត្រូវប្រញាប់ស្វែងរកការធ្វើតេស្តឈាមរកមេរោគអេដស៍ ឲ្យបានឆាប់រហ័សនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យរដ្ឋ ឬបណ្តាញអង្គការសង្គមស៊ីវិល ដើម្បីឈានទៅទទួលបានសេវាថែទាំព្យាបាលទាន់ពេលវេលា។
* សូមចាត់ទុកអ្នកផ្ទុកមេរោគអេដស៍ ជាជនរងគ្រោះដែលត្រូវចូលរួមលុបបំបាត់រាល់ទម្រង់នៃការរើសអើង និងមាក់ងាយដល់ពួកគាត់ និងត្រូវផ្តល់ការគាំទ្រគ្រប់លទ្ធភាព៕