(ភ្នំពេញ)៖ ក្នុងសារលិខិតដែលបានផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៩ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់អនុសាសន៍៥ចំណុច ដើម្បីធ្វើជាមូលដ្ឋានក្នុងការសិក្សា និងរៀបចំទិសដៅសម្រាប់អនុវត្ត។
អនុសាសន៍ទាំង៥ចំណុចនោះ រួមមាន៖
១៖ ពង្រឹងយន្តការប្រតិបត្តិក្រមសីលធម៌និងវិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន និងប្រឆាំងជនឱកាសនិយមជ្រកក្រោមស្លាកសារព័ត៌មាន ដើម្បីរក្សាគុណតម្លៃ និងសេចក្ដីថ្លៃថ្នូររបស់ស្ថាប័នសារព័ត៌មាន។
២៖ បណ្ដុះបណ្ដាលអ្នកសារព័ត៌មានទាំងផ្នែកវិជ្ជាជីវៈ និងបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើម្បីឱ្យអ្នកសារព័ត៌មាននៅកម្ពុជាមានសមត្ថភាពដើរទាន់ការវិវត្តនៃប្រព័ន្ធផ្សព្វផ្សាយទំនើបនាពេលបច្ចុប្បន្ន។
៣៖ ចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងមិនត្រូវធ្វើជាភ្នាក់ងារចែកចាយព័ត៌មានក្លែងក្លាយបំពុលសង្គមដែលធ្វើឱ្យប្រទេសធ្លាក់ទៅក្នុងភាពចលាចល បាត់បង់សណ្ដាប់ធ្នាប់សង្គម។
៤៖ បន្តផ្សព្វផ្សាយនូវវិធានការការពារនិងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ឱ្យកាន់តែសកម្មថែមទៀត និងណែនាំឱ្យប្រជាពលរដ្ឋបានទៅចាក់វ៉ាក់សាំងកូវីដ១៩ឱ្យបានគ្រប់ៗគ្នា។
៥៖ ផ្សព្វផ្សាយដំណើរឆ្ពោះទៅព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឱ្យបានទូលំទូលាយ និងជ្រួតជ្រាបដល់គ្រប់ស្រទាប់មហាជន។
គួរជម្រាបថា ក្នុងឱកាសអបអរសាទរចំពោះវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៩ ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវមោទនភាពចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សនៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅកម្ពុជា ស្របពេលមានការវិវត្តយ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាដំណាក់កាលបដិវត្តឧស្សាហកម្មជំនាន់ទី៤នេះ៕