(ព្រះវិហារ)៖ ស្រូវចំនួន ៣,៧៨៩គីឡូក្រាម ដែលបានមកពីសទ្ធាជ្រះថ្លារបស់ប្រជាពលរដ្ឋចូលរួមបុណ្យផ្កាស្រូវ ដែលផ្តួចផ្តើមដោយព្រះសង្ឃ អាចារ្យ គណៈកម្មាការវត្ត ទក្សិណគីរី ហៅវត្តសំឡាញ ត្រូវបានលោក សំ លាងទ្រី ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកសង្គមថ្មី ទទួលទិញទាំងអស់នឹងតម្កល់ទុកក្នុងវត្ត សម្រាប់ឱ្យប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតអាចខ្ចីបរិភោគបណ្តោះអាសន្នបាន។

ព្រះតេជគុណ នឿម គឹមសាន្ត ចៅអធិការវត្តទក្សិណគីរីហៅវត្តសំឡាញ ស្ថិតក្នុងភូមិសំឡាញ ឃុំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ បានមានសង្ឃដីកាថា៖ «ក្នុងទិសដៅដើម្បីរកបច្ច័យសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងវត្ត ព្រះតេជគុណរួមនឹងគណៈកម្មាការវត្ត បានឯកភាពគ្នាធ្វើបុណ្យផ្កាស្រូវ ដោយទទួលបានស្រូវចំនួន ៣,៧៨៩គីឡូក្រាម ហើយស្រូវទាំងនេះបានឯកភាពគ្នាថានឹងលក់ដើម្បីយកបច្ខ័យដោះស្រាយការខ្វះខាតការសាងសង់វត្ត»

ឮដំណឹងថាគណៈកម្មាការវត្តយកស្រូវដែលបានមកពីបុណ្យផ្កាស្រូវយកទៅលក់ លោក សំ លាងទ្រី ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មី បានទូលព្រះសង្ឃ នឹងប្រាប់គណៈកម្មាការវត្ត មិនចាច់យកស្រូវដែលបានមកពីបុណ្យផ្កាស្រូវ យកទៅលក់នៅខាងក្រៅនោះទេ ដោយលោកទទួលទិញទាំងអស់តាមតម្លៃទីផ្សារ ហើយតម្កល់ស្រូវនេះទុកនៅក្នុងវត្តនឹងធ្វើជង្រុកទុកដាក់ឱ្យបានត្រឹមត្រូវ សម្រាប់ឱ្យប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត អាចខ្ចីក្នុងពេលដាច់ស្បៀងម្តងម្កាល។

ព្រះតេជគុណ នឿម គឹមសាន្ត ក៏ដូចជាអាចារ្យ គណៈកម្មាការវត្តនិងប្រជាពលរដ្ឋភូមិសំឡាញ និយាយរួមប្រជាពលរដ្ឋស្រុកសង្គមថ្មី បានសំដែងអំណរគុណដល់លោក សំ លាងទ្រី និងក្រុមការងារ ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋស្រុកសង្គមថ្មី ពិសេសបានកសាងនូវសមិទ្ធិផលជាច្រើនដើម្បីបម្រើផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ព្រមទាំងមានសទ្ធាជ្រះថ្លាយ៉ាងមុតមាំលើវិស័យព្រះពុទ្ធសាសនា ដោយលោកជួយសាងសង់ខ្លោងទ្វារវត្ត និងរូបដំរី១គូ ធ្វើអំពីថ្មសុទ្ធ នៅវត្តទក្សិណគីរី ហៅវត្តសំឡាញថែមទៀតផង។ ព្រះតេជគុណក៏បានអំពាវនាវដល់ពុទ្ធបរិស័ទជិត ឆ្ងាយ ចូលរួមបច្ច័យកសាងវត្តតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួនតាមរយៈលេខទូរស័ព្ទ៖ ០៧១៦៧៤៧៩៩៩ ឬក៏ ABA 716 747 999 NOEURM kOEMSA។

ដោយឡែកលោក សំ លាងទ្រី បានឱ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២នេះថា៖ «លោកពិតជាបានជាវស្រូវពីព្រះសង្ឃពិតប្រាកដមែន ហើយស្រូវដែលលោកជាវពីព្រះសង្ឃនេះគឺមិនយកទៅណាទេ ដោយលោកណែនាំគណៈកម្មាការវត្តធ្វើជង្រុកទុកដាក់ឱ្យបានត្រឹមត្រូវ ត្រៀមទុកសម្រាប់ប្រជាពលរដ្ឋដែលខ្វះខាតម្តងម្កាល គាត់អាចមកខ្ចីយកទៅបរិភោកបាន ហើយពេលទទួលបានផលស្រូវវិញត្រូវយកមកសងវត្តវិញ ធ្វើដូច្នេះកុំឱ្យបាត់ស្រូវ ដើម្បីទុកបន្តឱ្យប្រជាពលរដ្ឋដែលខ្វះខាតផ្សេងទៀតអាចខ្ចីពេលក្រោយៗទៀតបាន»