(បាត់ដំបង)៖ លោក ឡេង ប៉េងឡុង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមុលដ្ឋានសង្កាត់វត្តគរ និងសង្កាត់អូរម៉ាល់ បានណែនាំ និងក្រើនរំឮកដល់ថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធចុះជួយសង្កាត់វត្តគរ ក្រុងបាត់ដំបង ត្រូវបន្តពង្រឹងសេវាសាធារណៈ និងបន្តរួមគ្នាដោះស្រាយសំណើសំណូមពររបស់ប្រជាពលរដ្ឋ ឱ្យមានប្រសិទ្ធភាពខ្ពស់។
ការណែនាំបែបនេះ របស់លោក ឡេង ប៉េងឡុង បានធ្វើឡើងក្នុងឱកាសដែលលោកបានដឹកនាំក្រុមការងារ បើកកិច្ចប្រជុំដើម្បីដោះស្រាយសំណើ សំណូមពរ បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ នៅសង្កាត់វត្តគរ ក្រុងបាត់ដំបង។
ក្រោយពីស្តាប់ការលើកឡើងរបស់ភូមិនិមួយៗរួចមក លោក ឡេង ប៉េងឡុងបានថ្លែងថា បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានគឺជាបញ្ហារបស់យើងជាថ្នាក់ដឹកនាំដែលតម្រូវឱ្យយើងរួមគ្នាបន្តដោះស្រាយ ដើម្បីភាពសុខដុមរមនា ភាពសុខសាន្ត និងការអភិវឌ្ឍមូលដ្ឋានមានការរីកចម្រើនទៅមុខ។
ជាមួយគ្នានេះ លោក ឡេង ប៉េងឡុង មិនភ្លេចថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ដែលបានខិតខំបំពេញតួនាទីរបស់ខ្លួន រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ធ្វើការដោះស្រាយរាល់បញ្ហាប្រឈម សំណើ សំណូមពររបស់ប្រជាពលរដ្ឋនាពេលកន្លងមក និងសូមបន្តការងារដោះស្រាយរបស់យើងជាបន្តទៀត ឆ្ពោះទៅប្រជាពលរដ្ឋម្នាក់សន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនមួយសន្លឹក៕