(បន្ទាយមានជ័យ)៖ បាតុភូតធម្មជាតិខ្យល់លាយភ្លៀងខ្លាំងដែលហៅថា ខ្យល់កន្រ្តាក់នោះ បានបណ្តាលឲ្យប៉ះពាល់ និងបំផ្លាញផ្ទះប្រជាពលរដ្ឋ ចំនួន៧០ខ្នង ស្ថិតនៅស្រុកអូរជ្រៅ ស្រុកស្វាយចេក និងស្រុកថ្មពួក ដែលបានកើតឡើងនៅល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ ប៉ុន្តែសម្រាប់គ្រោះធម្មជាតិមួយនេះ មិនមានសេចក្តីរាយការណ៍ ពីគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋណាម្នាក់នោះទេ។
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី អាត់ ខែម បានឲ្យដឹងថា បាតុភូតខ្យល់កន្រ្តាក់នៅល្ងាចម្សិលមិញនោះ បានធ្វើឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង នៅឃុំសឹង្ហ និងឃុំចង្ហា របស់ស្រុកអូរជ្រៅ ព្រមទាំងដំបូលជង្រុកស្រូវមួយផងដែរ។ ដោយឡែកនៅស្រុកស្វាយចេកវិញ បានធ្វើឲ្យប៉ះពាល់ដល់ផ្ទះចំនួន៧ខ្នង ស្ថិតនៅឃុំស្លក្រាម និងដំបូលសាលារៀនផងដែរ។
លោកស្នងការបានបញ្ជាក់ទៀតថា នៅឯស្រុកថ្មពួកឯណោះវិញ គឺមានផ្ទះប្រជាពលរដ្ឋ ច្រើនជាងគេ ដែលរងផលប៉ះពាល់ រហូតដល់៦០ខ្នង ក្នុងនោះ១៥ខ្នង រងការខូចខាតធ្ងន់ធ្ងរជាងគេ ដែលបានកើតឡើងនៅឃុំគោករមៀត។
សម្រាប់គ្រោះមហន្តរាយដែលបានកើតឡើងទៅលើផ្ទះប្រជាពលរដ្ឋទាំង៧០ខ្នងនេះ ត្រូវបានលោកស្នងការ បញ្ជាក់ថា នៅថ្ងៃទី២០ ខែមិថុនា និងបន្តនៅថ្ងៃស្អែក កម្លាំងនគរបាលរបស់លោក បានចុះទៅជួយរុះរើ និងជួយជួសជុលផ្ទះដែលរងការខូចខាតឡើងវិញភ្លាមៗ ដោយមានការចូលរួមពីកម្លាំងនគរបាលតាមស្រុក កម្លាំងនគរបាលវរ:៨០៧ សហការជាមួយកម្លាំងយោធាផងដែរ សរុបជាង១០០នាក់។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានបញ្ជាក់ថា «ក្រោយហេតុការណ៍នេះកើតឡើងភ្លាម លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានបញ្ជាមកភ្លាម ធ្វើយ៉ាងណាចុះទៅជួយជួសជុលផ្ទះ ជូនប្រជាពលរដ្ឋឡើងវិញ ព្រមទាំងលោកបានជួយឧបត្ថម្ភសង្ក័សី ចំនួន១០០០សន្លឹកផងដែរ សម្រាប់ការងារមួយនេះ»។