(ព្រះវិហារ)៖ ព្រះវិហារវត្តឦសាន្តគិរីសាមគ្គីមានជ័យ ហៅវត្តប្រយុទ្ធ ស្ថិតនៅភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ នឹងរៀបចំពិធីបុណ្យបញ្ចុះខណ្ឌសីមាឆ្លងរយៈពេល៣យប់៤ថ្ងៃ ពោលចាប់ពីថ្ងៃទី២៣-២៦ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ បន្ទាប់ពីព្រះវិហារនេះបានកសាងរួចរាល់ជាស្ថាពរ ដោយប្រើរយៈពេលរហូត១០ឆ្នាំ។
ព្រះតេជគុណព្រះវិរិយធម្មោ ហាន ធានី ព្រះគ្រូចៅអធិការវត្តឦសាន្តគិរី ហៅវត្តប្រយុទ្ធ មានសង្ឃដីកាឱ្យដឹងថា ព្រះវិហារឦសាន្តគិរីសាមគ្គីមានជ័យ ហៅវត្តប្រយុទ្ធ បានចំណាយពេលវេលាកសាងអស់រយៈកាល១០ឆ្នាំ នឹងរួចរាល់ជាស្ថាពរ ដោយចំណាយបច្ច័យអស់ចំនួន៣២,០០០០ដុល្លារ។ តាំងពីចាប់ផ្តើមកសាងរហូតរួចរាល់ជាស្ថាពរ ព្រះតេជគុណរួមជាមួយអាចារ្យ គណៈកម្មាការវត្ត បានទូទាត់សងថ្លៃជាងនិងគ្រឿងសំណង់អស់បច្ច័យ៣០,០០០០ដុល្លារ នឹងនៅជំពាក់ថ្លៃជាងគ្រឿងសំណង់ចំនួន២០,០០០ដុល្លារទៀត។
ព្រះតេជគុណព្រះគ្រូចៅអធិការវត្តមានសង្ឃដីកាទៀតថា ដោយសារព្រះវិហារបានកសាងរួចរាល់ជាស្ថាពរ ព្រះសង្ឃ អាចារ្យ គណៈកម្មាការវត្ត និងអាជ្ញាធរមូលដ្ឋានបានឯកភាពគ្នាជាឯកច្ឆ័ន្ទប្រារព្ធធ្វើបុណ្យបញ្ចុះខណ្ឌសីមានិងកាន់អង្គ២០០អង្គ ដើម្បីវេរតម្កល់ព្រះវិហារទុកជាសម្បត្តិព្រះពុទ្ធសាសនា។
ព្រះតេជគុណព្រះវិរិយធម្មោ ហាន ធានី មានសង្ឃដីកាទៀតថា ក្នុងរយៈពេល៣យប់៤ថ្ងៃ នៃពិធីបុណ្យបញ្ចុះខណ្ឌសីមាឆ្លងព្រះវិហារនេះ មានការចូលរួមសម្តែងព្រះធម្មទេសនាដោយព្រះតេជគុណល្បីៗ រួមមាន ព្រះអង្គគ្រូព្រះសីមាវិជិត ឡុង សុមុនី ព្រះមេគុណខេត្តព្រះវិហារ ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាទីប្រឹក្សាក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា ព្រះអង្គគ្រូព្រះបណ្ឌិតវិជិរប្បញ្ញោ គូ សុភាព ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះគ្រូសូត្រស្តាំវត្តគល់ទទឹង ព្រះពោធិនាគមុនី ឆន ម៉ៅមេត្តា ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះគ្រូចៅអធិការវត្តឯឡករាម ហៅវត្តពពែក្រោម និងព្រះអង្គគ្រូ ធម្មាលង្ការមុនី ចាន់ សុជន ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះគ្រូចៅអធិការវត្តស្រះកណ្តាលខ្ចាស់ និងមានការកាត់ឫសសីមានិងកាត់ខ្សែបូរណ៍សម្ពោធឆ្លងដោយលោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ហើយរយៈ៣ថ្ងៃ៤យប់នេះ ក៏មានការអុជកាំជ្រូច និងសម្ដែងល្ខោនបាសាក់រហូតទល់ភ្លឺផងដែរ៕