អាជ្ញាធរជាតិអប្សរា៖ ម្ចាស់សំណង់ដែលសង់រំលោភ លើទំនប់ស្រះស្រង់ទាំងអស់ ក្នុងក្រុងសៀមរាប ត្រូវរុះរើជាបន្ទាន់
20-06-2016 16:52
(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា តម្រូវឲ្យម្ចាស់សំណង់គ្រប់ប្រភេទ ដែលបានសង់រំលោភបំពាន នៅតាមបណ្ដោយខ្នងទំនប់ស្រះស្រង់ ខាងត្បូង ស្ថិតក្នុងភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុង-ខេត្តសៀមរាប ឲ្យរុះរើចេញជាកំហិត។ នេះបើយោងតាមសេចក្ដីជូនដំណឹង របស់អាជ្ញាធរជាតិអប្សរា ដែលអង្គភាព Fresh News ទើបទទួលបាននៅល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ។
សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា ការតម្រូវឲ្យរុះរើចេញបែបរបស់អាជ្ញាធរអប្សរា ក្នុងគោលបំណងថែរក្សា ការពាររចនាសម្ព័ន្ធទំនប់ ជុំវិញស្រះស្រង់ ប្រឡាយ ត្រពាំងបុរាណ រចនាសម្ព័ន្ធដទៃទៀត ដែលមានទំនាក់ទំនងនឹងប្រាសាទបន្ទាយក្ដី និងដើម្បីរក្សាបរិស្ថានបានល្អ គ្មានក្លិនស្អុយ សំរាមជាដើម។
បន្ថែមលើសពីនេះ អាជ្ញាធរជាតិអប្សរា តម្រូវឲ្យម្ចាស់សំណង់ ដែលសង់បំពាន់ទាំងអស់ ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ខាងមុខនេះ ជាកំហិត បើមិនដូច្នេះទេ អាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕