(កំពត)៖ អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុនសុខាអូតែល បានអំពាវនាវដល់ពុទ្ឋបរិស័ទខ្មែរក្នុង និងក្រៅប្រទេសចូលរួមវិភាគទានចាប់មគ្គផល ដើម្បីចូលរួមសាងសង់ ពុទ្ឋបដិមាខ្ពស់ជាងគេក្នុងពិភពលោក នៅលើភ្នំបូកគោ។
ការសាងសង់ពុទ្ឋបដិមានេះ នឹងធ្វើឡើងនៅពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាត្តឲ្យអ្នកឧកញ៉ា សុខ គង់ សាងស់ពុទ្ឋបដិមាកំពស់១០៨ ម៉ែត្រ ដែលស្ថិតនៅចំណុវាលស្រែ៥០០ នៅលើកំពូលភ្នំបបូកគោ។
អ្នកឧកញ៉ាសុខ គង់បានមានប្រសាសន៍ឲ្យដឹងនារសៀលថ្ងៃទី១៦ ធ្នូ ឆ្នាំ២០២២នេះថា គោលបំណងនៃការសាងសង់ រូបសំណាកព្រះពុទ្ឋបដិមាដ៏ធំនេះ ដើម្បីជាទីសក្ការៈដ៏ថ្លៃថ្លាឧត្តុងឧត្តម សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរយើង និងដើម្បីឧទ្ទិសសុំសេចក្តីសុខ សេចក្តីចម្រើ នរុងរឿង និងសុខសន្តិភាពជានិច្ចនិរន្តរ៍ ដល់ប្រជាពលរដ្ឋយើងទាំងអស់នៅក្នុងតំបន់នេះ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងមូល។
អ្នកឧកញ៉ាបានបន្ថែមថា ម្យ៉ាងវិញទៀត ព្រះពុទ្ឋបដិមាដ៏ធំស្កឹមស្កៃនេះ ក៏ជាការជួយរួមចំណែកទ្រទ្រង់ ដល់វិស័យព្រះពុទ្ឋសាសនា និងការអភិវឌ្ឍទេសចរណ៍វប្បធម៌ ហើយជាពិសេសទៀតនោះ គឺជាការទាក់ទាញយ៉ាងធំធេងដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់លាននាក់ក្នុងមួយឆ្នាំៗ ឱ្យមកកាន់តំបន់នេះយ៉ាងច្រើនកុះករ ហើយក៏ជាប្រភពចំណូលយ៉ាងធំ ដែលនឹងទទួលបានពីភ្ញៀវទេសចរទាំងនោះ។
អ្នកឧកញ៉ា សុខ គង់ បានឱ្យដឹងទៀតថា ក្រុមហ៊ុនបានរចនាពុទ្ឋបដិមានេះ តាមរចនបទខ្មែររួចហើយ ដោយបានសហការពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីធានាថារូបសំណាកព្រះពុទ្ធបដិមាដ៏ធំនេះ ត្រូវបានសាងសង់ត្រឹមត្រូវស្របទៅតាមរចនាបទរបស់ខ្មែរយើង។ គម្រោងដ៏ធំនេះ គ្រោងនឹងចំណាយថវិកាប្រមាណពី៣០ ទៅ៤០លានដុល្លារអាមេរិក។
អ្នកឧកញ៉ា សុខ គង់ បានបន្តថា តាមរយៈកិច្ចពិភាក្សាក្នុងអង្គប្រជុំអន្តរក្រសួងកន្លងមក គណៈកម្មការអន្តរក្រសួងបានគាំទ្រ ចំពោះការសាងសង់ ពុទ្ឋបដិមាខ្ពស់ជាងគេលើពិភពនេះ។
ពុទ្ឋបរិស័ទក្នុង និងក្រៅប្រទេសជាតិ និងអន្តរជាតិអាចចូលរួមវិភាគទាន និងចាប់មគ្គផលសាងសង់ពុទ្ឋបដិមានេះ តាមរយៈលេខទូរស័ព្ទ និងអាខោនធនាគារ ABA លេខ106 108 108 (KHR) និង ABA លេខ107 108 108 (USD) និងធនាគារវីង តាមរយៈលេខ 9 108 108 108 (KHR) និងលេខ 8 108 108 108 (USD) និងទំនាក់ទំនងលេខទូរស័ព្ទ 085 430 999, 097 430 9999៕