(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានអំពាវនាវដល់ ប្រជាពលរដ្ឋឱ្យនាំគ្នាសិក្សាឈ្វេងយល់ និងត្រូវចងចាំចំពោះនយោបាយឈ្នះ-ឈ្នះ ដែលជានយោបាយមួយនាំឱ្យកម្ពុជាចាកឆ្ងាយពីភ្លើងសង្គ្រាម នាំមកនូវការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍដូចពេលបច្ចុប្បន្ន។

កម្ពុជា បានជួបវិបត្តិភ្លើងសង្គ្រាមយ៉ាងខ្លោចផ្សារអស់រយៈពេលប្រមាណ ៣ទសវត្សរ៍ ក្រោយពេលរដ្ឋប្រហារដោយខុសច្បាប់ពីក្រុមសេនាប្រមុខ លន់ នល់ មានអាមេរិក និងវៀតណាមខាងត្បូងធ្វើជាបង្អែក។ ភ្លើងសង្គ្រាមដែលបង្កាត់ឡើងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ បានឆេះរោលរាលបំផ្លិចបំផ្លាញនាវាកម្ពុជាស្ទើរក្លាយជាផេះផង់។ ភ្លើងសង្គ្រាមដែលបង្កាត់ឡើងត្រឹមមួយតែមួយថ្ងៃ តែបានឆេះរោលរាលរហូតដល់ទៅ៣ទសវត្សរ៍។ ភ្លើងសង្គ្រាមនេះ ត្រូវបានបិទបញ្ចប់ទៅវិញទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ថ្ងៃដែលមេដឹកនាំខ្មែរក្រហម មកសុំរួមរស់នឹងរាជរដ្ឋាភិបាល។

ភ្លើងសង្គ្រាមនេះ បានផុតរលត់ទៅក្រោមនយោបាយឈ្នះ-ឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក។ នយោបាយឈ្នះ-ឈ្នះ ជានយោបាយ និងជាយុទ្ធសាស្ត្រមួយដែលសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនៅឆ្នាំ១៩៩៦ ដើម្បីរំលាយអង្គការចាត់តាំងខ្មែរក្រហម ដែលបន្តពួនជ្រកតាមព្រៃជាយដែនខ្មែរ-ថៃ។

ដើម្បីទទួលបានជោគជ័យលើនយោបាយឈ្នះ-ឈ្នះនេះ សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក បានដាក់ចេញនូវគោលនយោបាយ៣រួមមាន៖ ធានារូបកាយនិងអាយុជីវិត, ធានាអាជីព និងមុខរបរ, ធានាកម្មសិទ្ធិ និងទ្រព្យសម្បត្តិ។ ក្រៅពីនយោបាយ៣នេះ សម្តេចតេជោ ក៏បាន យុទ្ធសាស្ត្រទាំង៥ ដែលគេហៅថា យុទ្ធសាស្ត្រ DIFID មកពីអក្សរកាត់នៃភាសាអង់គ្លេស DIFID ដែលមានពេញលេញមកពីពាក្យ Divide (បំបែក) Isolate (ធ្វើឱ្យឯកោ) Finish (បញ្ចប់) Integrate (សមាហរណកម្ម) Develop (អភិវឌ្ឍ)។ បន្ថែមពីលើគោលនយោបាយទាំង៣ និងយុទ្ធសាស្ត្រទាំង៥ហើយនោះ នយោបាយឈ្នះឈ្នះ បានពឹងផ្អែកលើកត្តាជោគជ័យចំនួន៧ផ្សេងទៀត។

ការបិទបញ្ចប់សង្គ្រាមទាំងស្រុងនៅឆ្នាំ១៩៩៨ វាបានក្លាយជាពេលវេលាដែលកម្ពុជា រកឃើញនូវសុខសន្តិភាព រកឃើញឯកភាពជាតិ និងទឹកដីជាថ្មី ក្រោយការបែកបាក់ចក្រភពអង្គរ ដែលមានរយៈពេលយ៉ាងហោចណាស់៥០០ឆ្នាំ។

មកដល់ឆ្នាំ២០២២នេះ មានរយៈពេល ២៤ឆ្នាំហើយ ដែលកម្ពុជាមានសុខសន្តិភាពពេញលេញ ហើយបានផ្តល់ឱកាសឱ្យកម្ពុជាកសាង និងអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិ ធ្វើឱ្យកម្ពុជាងើបចេញពីឋានៈប្រទេសក្រីក្រ មកជាប្រទេសមានចំណូលមធ្យមកម្រិតទាប។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ថា វឌ្ឍនភាព ភាពរីកចម្រើន និងវិបុលភាពរបស់ជាតិកម្ពុជា ដែលកំពុងមាននេះ ក៏ដោយសារតែនយោបាយឈ្នះ-ឈ្នះ។ សម្រាប់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ សុខសន្តិភាព គឺជាសមិទ្ធផលដ៏ធំបំផុតកើតចេញពីនយោបាយឈ្នះ-ឈ្នះ។

នយោបាយឈ្នះ-ឈ្នះ មានគុណូបការៈយ៉ាងធំធេងបំផុតសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ដើម្បីឱ្យស្មារតីនយោបាយឈ្នះ-ឈ្នះ នយោបាយនាំមកនូវសុខសន្តិភាព បន្តចាក់គ្រឹះរឹងមាំក្នុងសង្គមកម្ពុជា នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរប្រឹងប្រែងសិក្សាឈ្វេងយល់ពីនយោបាយមួយនេះ។ នាយឧត្តមសេនីយ៍ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ត្រូវដឹងគុណសម្តេចតេជោ ហ៊ុន សែន ស្ថាបនិកនយោបាយឈ្នះ-ឈ្នះ ក៏ដូចប្រតិបត្តិករដទៃទៀត។

នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាល នឹងប្រារព្ធពិធីអបអរសាទរខួបនយោបាយឈ្នះ-ឈ្នះយ៉ាងមហោឡារិក នៅវិមាននយោបាយឈ្នះ-ឈ្នះ។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា អ្នកចូលរួមអបអរសាទរក្នុងទិវាជាប្រវត្តិសាស្ត្រនេះ មានចំនួនប្រមាណ ៤,៦៨៨នាក់។ ក្នុងនោះគណៈអធិបតី ភ្ញៀវជាតិ និងអន្តរជាតិសរុប ២៧២នាក់, ព្រះសង្ឃ ៧អង្គ, កងកម្លាំងប្រដាប់អាវុធ រួមទាំងកាយរឹទ្ធិ ១៩ផែន ស្មើនឹង ២,៣១៥នាក់, ផែនយុវជនមកពីសហភាពសហព័ន្ធយុវជនកម្ពុជា កាយរឹទ្ធិ កាកបាទក្រហម ៨៩៤នាក់ ផែនប្រជាពលរដ្ឋ ១,២០០នាក់។

ទ​ន្ទឹមនឹងការប្រារព្ធពិធីអបអរសាទរនេះ នឹងមានការសម្ពោធសួនសមិទ្ធផលមួយចំនួន ដែលទើបសាងសង់រួចរាល់នៅបរិវេណវិមានឈ្នះ-ឈ្នះ។ សមិទ្ធផលដែលសម្ពោធនោះ មានដូចជា សមិទ្ធផលរបស់កងយោធពលខេមរភូមិន្ទ, សន្តិសុខជាតិ រួមមានកងរាជអាវុធហត្ថ និងនគរបាលជាតិ, សួនស៊ីម៉ាក់​ និង សួនស្តីពីការកសាងវិមានឈ្នះ-ឈ្នះ។

ក្នុងព្រឹត្តិការណ៍នោះ ក៏មានការរៀបចំតាំងពិព័រណ៍ស្តីពីការអនុវត្តន៍នយោបាយឈ្នះ-ឈ្នះរបស់កងយោធពលខេមរភូមិន្ទចំនួន ១៩ស្តង់។ ក្នុងនោះផែនចំណុះក្រសួងការពារជាតិ ១២ស្តង់ និងអគ្គបញ្ជាការចំនួន៧ស្តង់ ហើយនៅពេលរាត្រី មានបាញ់កាំជ្រួចថែមទៀតផង។

សូមបញ្ជាក់ផងដែរថា ដើម្បីអបអរសាទរទិវានយោបាយឈ្នះ-ឈ្នះ កាលពីខែមករា ឆ្នាំ២០២២កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរកំណត់យកទិវានយោបាយឈ្នះ-ឈ្នះ ថ្ងៃទី២៩ ខែធ្នូ ទៅក្នុងប្រតិទិនប្រចាំឆ្នាំ ដោយមិនឈប់សម្រាកនោះឡើយ។

ក្នុងសារាចរនោះ រាជរដ្ឋាភិបាល បានណែនាំឱ្យគ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈ ឯកជន ត្រូវរៀបចំចងបដា ពាក្យស្លោក ដើម្បីអបអរសាទរទិវានយោបាយឈ្នះ-ឈ្នះ ដែលមានខ្លឹមសារថា «អរគុណសន្តិភាព! អរគុណនយោបាយឈ្នះ-ឈ្នះ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!»