(ភ្នំពេញ)៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានបង្ហាញការស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការឆ្ពោះទៅកាន់អនាគតបៃតង ហើយត្រៀមខ្លួនជានិច្ចគាំទ្រដល់នយោបាយបៃតងនេះ។
ជំហរគាំទ្រលើនយោបាយបៃតងរបស់កម្ពុជា ពីសំណាក់រដ្ឋាភិបាលអាល្លឺម៉ង់ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក អូឡាហ្វ ឆុលស៍ អធិការបតីអាល្លឺម៉ង់ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៉ិក កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ។
យោងតាមក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ក្នុងជំនួបនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីពេញចិត្ត ចំពោះវឌ្ឍនភាពដែលកម្ពុជា និងអាល្លឺម៉ង់សម្រេចបានរួមគ្នា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ហើយសម្តេចតេជោនាយករដ្ឋមន្ត្រីសង្ឃឹមថា កិច្ចសហប្រតិបត្តិការនឹងបន្តរីកចម្រើនលើវិស័យនានា ដែលមានផលប្រយោជន៍ទៅវិញទៅមក ដូចជាពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ចឌីជីថល ធនធានមនុស្ស និងសហគ្រាសខ្នាតមីក្រូ ធុនតូច និងមធ្យម ជាដើម។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានឆ្លៀតឱកាសថ្លែងអំណរគុណដល់អាល្លឺម៉ង់ ដែលបានលក់ម៉ាស៊ីនភ្លើង ២០០មេហ្គាវ៉ាត់ មកឱ្យកម្ពុជាក្នុងឆ្នាំ២០១៩ ដើម្បីបំពេញតម្រូវការថាមពល ដោយសារគ្រោះរាំងស្ងួតធ្ងន់ធ្ងរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានចែករំលែកជូនលោក
អូឡាហ្វ ឆ្លុលស៍ ថា បច្ចុប្បន្ននេះ ថាមពលកកើតឡើងវិញចូលរួមចំណែកដល់ទៅ ៦២ភាគរយ នៃការផ្គត់ផ្គង់ថាមពលរបស់កម្ពុជា ហើយកម្ពុជាមានការប្តេជ្ញាចិត្តយ៉ាងមុតមាំឆ្ពោះទៅរកថាមពលស្អាត និងបៃតង នាពេលអនាគតដ៏ខ្លីខាងមុខនេះ។
ជាការឆ្លើយតបលោក អូឡាហ្វ ឆុលស៍ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការជំរុញការអភិវឌ្ឍ និងការកែលម្អសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ លោកអធិការបតីអាល្លឺម៉ង់ ក៏បានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជាឆ្ពោះទៅរកអនាគតបៃតង និងបានបង្ហាញពីការត្រៀមខ្លួនរបស់អាល្លឺម៉ង់ដើម្បីគាំទ្រក្នុងកិច្ចខិតខំប្រឹងប្រែងនេះ។
ពាក់ព័ន្ធនឹងបញ្ហាថាមពលនេះដែរ លោកអធិការបតី បានចែករំលែកជូន សម្តេចតេជោនាយករដ្ឋមន្ត្រី ថា អាល្លឺម៉ង់កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនទ្វេដង ដើម្បីក្លាយជាប្រទេសឯករាជ្យខាងថាមពល ហើយបានលើកឡើងថា កម្ពុជាបានធ្វើការសម្រេចចិត្តត្រឹមត្រូវ ពាក់ព័ន្ធនឹងយុទ្ធសាស្ត្រថាមពលរបស់ខ្លួន៕