(ភ្នំពេញ)៖ ក្រសួងការបរទេសកម្ពុជា បានគូសរំលេចថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក អូឡាហ្វ ឆុលស៍ អធិការបតីអាល្លឺម៉ង់ បានយល់ឃើញដូចគ្នាថា កិច្ចសន្ទនាដោយសន្តិវិធី គឺមានសារៈសំខាន់ក្នុងការឈានទៅបញ្ចប់សង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន ដែលមានរយៈពេលប្រមាណ១០ខែមកហើយនោះ។ សម្តេចតេជោ និងលោកអធិការបតី ទន្ទឹងរង់ចាំធ្វើការរួមគ្នា ដើម្បីជួយនាំមកនូវសន្តិភាព និងស្ថិរភាពជូនប្រជាជនអ៊ុយក្រែន។
ការចែលរំលែកនូវទស្សនៈរវាងសម្តេចតេជោ និងលោកអធិការបតីអាល្លឺម៉ង់ជុំវិញសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីនៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៉ិក ទីដែលសម្តេចតេជោ អញ្ជើញជាសហប្រធានកិច្ចប្រជុំកំពូលអាស៊ាន-សហភាពអឺរ៉ុប កាលពីថ្ងៃទី១៤ ខែធ្នូ កន្លងទៅនេះ។
យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា នៅក្នុងជំនួបនោះ លោក អូឡាហ្វ ឆុលស៍ ក៏បានរៀបរាប់សង្ខេបអំពីកិច្ចខិតខំប្រឹងប្រែងរបស់អាល្លឺម៉ង់ ក្នុងការដោះស្រាយបញ្ហាសង្រ្គាមនៅអ៊ុយក្រែន ជាពិសេសកិច្ចសន្ទនាជាច្រើនរបស់លោកជាមួយរុស្ស៊ី ដើម្បីស្វែងរកដំណោះស្រាយដែលអាចទទួលយកបានចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ លើសពីនេះ លោកអធិការបតី បានសម្តែងការជំទាស់យ៉ាងខ្លាំងចំពោះការប្រើ ឬការគំរាមកំហែង នុយក្លេអ៊ែរ និងបានគូសបញ្ជាក់ថា ការប្រើប្រាស់នុយក្លេអ៊ែរមិនថាតូច ឬធំទេ នឹងបង្កផលវិបាកដ៏មហន្តរាយ។ ឯកឧត្តមអធិការបតី ក៏បានបន្ថែមថា គិតត្រឹមពេលនេះ មានជនភៀសខ្លួនអ៊ុយក្រែននៅអឺរ៉ុបមានចំនួនរាប់លាននាក់ ក្នុងនោះមាន១លាននាក់ នៅអាល្លឺម៉ង់ទៅហើយ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ឡើងវិញថា កម្ពុជាជាប្រទេសដែលផ្អែកលើច្បាប់ និងមានទំនួលខុសត្រូវ ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់ បទដ្ឋាន និងគោលការណ៍ទាំងឡាយដែលទទួលស្គាល់ជាសកល ហើយជំទាស់ដាច់ខាតចំពោះការកាត់យកទឹកដី ការប្រើប្រាស់ និងការគំរាមកំហែងកម្លាំងប្រឆាំងនឹងរដ្ឋអធិបតេយ្យណាមួយ។
សម្តេចតេជោ ក៏បានជម្រាបជូនលោកអធិការបតី ផងដែរថា កម្ពុជាបានចូលរួមជាប្រទេសសហស្ថាបនិកនៃសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិស្តីពីបញ្ហាទាំងនេះ និងបានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ ក្នុងឋានៈជាប្រធានអាស៊ាន ដោយអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងការវិលទៅរកកិច្ចសន្ទនា ដែលទាំងនេះបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះកាតព្វកិច្ចអន្តរជាតិ។
សម្តេចតេជោនាយករដ្ឋមន្ត្រី មានជំនឿថា អាល្លឺម៉ង់មានតួនាទីសំខាន់ក្នុងការនាំមកនូវដំណោះស្រាយដោយសន្តិវិធីចំពោះសង្គ្រាមនៅអ៊ុយក្រែន។ ជាងនេះទៅទៀត សម្តេចតេជោ បានបង្ហាញក្តីសង្ឃឹមថា ភាគីពាក់ព័ន្ធទាំងឡាយនឹងចៀសវាងពីសកម្មភាពនានាដែលអាចបង្កើនអំពើហិង្សាថែមទៀត ហើយនឹងមានការបង្កើតបរិយាកាសមួយដែលអំណោយផលសម្រាប់ផ្តល់ជំនួយមនុស្សធម៌ជូនអ្នកដែលត្រូវការបំផុត។
សម្តេចតេជោ ក៏បានជម្រាបជូនលោកអធិការបតី ផងដែរថា កម្ពុជានឹងរៀបចំវគ្គបណ្តុះបណ្តាលផ្តល់ជូនអ្នកដោះមីនអ៊ុយក្រែនចំនួន ១៥នាក់ នៅរាជធានីភ្នំពេញ នៅក្នុងខែមករា ឆ្នាំ២០២៣ខាងមុខ ហើយកម្ពុជានឹងបញ្ជូនក្រុមជំនាញការដោះមីនទៅរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់អ្នកដោះមីនអ៊ុយក្រែនបន្ថែមទៀត នៅប៉ូឡូញ នៅក្នុងខែមេសា ឆ្នាំ២០២៣ ដោយមានការគាំទ្រពីប្រទេសជប៉ុន។
បើតាមក្រសួងការបរទេស ក្រៅតែពីជជែកលើបញ្ហារុស្ស៉ី និងអ៊ុយក្រែន ហើយនោះ សម្តេចតេជោ និង លោកអធិការបតី បានសម្តែងនូវសេចក្តីពេញចិត្តយ៉ាងខ្លាំងចំពោះភាពជោគជ័យក្នុងការៀបចំកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ដើម្បីរំលឹកខួបលើកទី៤៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនានៃតំបន់ទាំងពីរ៕