(រតនគិរី)៖ ម្ចាស់ចំការកៅស៊ូ ដែលមានមូលដ្ឋាននៅភូមិកាណាង ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី បានបង្ហាញនូវក្ដីសប្បាយរីករាយ ក្រោយតម្លៃកៅស៊ូកើនឡើងជាងពេលមុន ពោលមុនពេលរាជរដ្ឋាភិបាលកម្ពុជា មិនទាន់អនុញ្ញាតឲ្យមានការនាំចេញជ័រកៅស៊ូ និងកៅស៊ូមិនទាន់កែច្នៃទៅបរទេស។

លោក ហ៊ី គឹមហ៊ាង ម្ចាស់ចំការកៅស៊ូ ៥ហិចតា នៅឃុំទីចាក់ បានអះអាងថា កាលពីរាជរដ្ឋាភិបាលមិនទាន់និរាករណ៍សារាចរណែនាំកៅស៊ូ និងដើមកៅស៊ូមិនទាន់កែច្នៃទៅបរទេសនោះ តម្លៃក្នុង១គីឡូក្រាម ចន្លោះពី១៧០០ ទៅ១៨០០រៀល ប៉ុន្ដែឥលូវតម្លៃកៅស៊ូមិនទាន់កែច្នៃ១គីឡូក្រាម ចន្លោះពី២១៥០ ទៅ២២០០រៀល (ឈ្មួញទិញតាមចំការ)។

លោកបានគូសបញ្ជាក់ថា ក្នុងផ្ទៃដីអាស្រ័យផលប្រមាណ៥ហិកតារបស់លោក បានប្រើប្រាស់កម្លាំងពលកម្មចំនួន១៥នាក់ ហើយចែកភាគរយគ្នា គឺកម្មករជៀជ័រទទួលបានក្នុង១គីឡូក្រាម ៧០០រៀល។ ប្រសិនបើតម្លៃកៅស៊ូមិនទាន់កែច្នៃថ្លៃជាងនេះ នោះកម្មករអាចឡើងជាងនេះបន្តិចទៀត ដែលនាំឲ្យពួកគាត់ទាំងម្ចាស់ចំការ និងកម្មករមានជីវភាពល្អប្រសើរជាងមុន។

ជាមួយគ្នានេះ លោកក៏បានសុំណូមពរឲ្យម្ចាស់ចំការកៅស៊ូផ្សេងៗទៀត មេត្តាកុំកេងចំណេញពីឈ្មួញកណ្តាលដូចជាបង្កប់ដី, បង្កប់ថ្មក្នុងជ័រឲ្យបានទំងន់ធ្ងន់ ព្រោះវាធ្វើឲ្យខូចគុណភាពជ័រកៅស៊ូ ខូចកិត្តិយសម្ចាស់ចំការនៅខេត្តរតនគិរី ដែលជាខេត្តដាំដំណាំកសិឧស្សាហកម្មកៅស៊ូ។ លោកក៏បានសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅបំផុតដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបាននិរាករណ៍ចរាចរណែនាំខាងលើនោះ។

ប៉ុន្ដែជាមួយតម្លៃកើនឡើងនេះ លោកក៏ទទួលបាននូវការត្អូញត្អែររបស់ក្រុមឈ្មួញកណ្តាល ដែលហាក់មិនសប្បាយចិត្តជាមួយសមត្ថកិច្ចប្រចាំការតាមច្រកទ្ធារអន្តរជាតិនានាថា កុះរូសប្រាក់ថ្លៃសេវាក្រៅផ្លូវការផ្សេងៗច្រើន ដែលជាហេតុនាំតម្លៃកៅស៊ូមិនសូវបានថ្លៃនោះទេ។

ទាក់ទិនទៅនឹងការត្អូញត្អែរបស់ក្រុមឈ្មួញកណ្តាល ត្រូវបង់ថ្លៃសេវាក្រៅផ្លូវការជូនសមត្ថកិច្ចប្រចាំការនៅច្រកទ្ធារអន្តរជាតិនានានេះ នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ ភ្នាក់ងារ Fresh News ប្រចាំនៅខេត្តរតនគិរី បានព្យាយាមសុំការបំភ្លឺពី លោក អាន អង្គារ៉ា ប្រធានស្នាក់ការគយ និងរដ្ឋាករច្រកទ្ធារអន្តរជាតិអូរយ៉ាដាវ តែគ្មានការឆ្លើយតប។

តែព័ត៌មានជាច្រើនបានបង្ហើបថា រាល់ថ្ងៃជ័រកៅស៊ូ និងដើមកៅស៊ូមិនទាន់កែច្នៃ មិនអាចដឹកទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្ធារអន្តរជាតិអូរយ៉ាដាវបានទេ ដោយសារតែតម្លៃសេវាក្រៅផ្លូវការផ្សេងៗ ច្រើនពេក ទើបក្រុមឈ្មួញកណ្តាលបង្វែរដឹកជ័រទៅប្រទេសវៀតណាម តាមច្រកអន្តរជាតិមួយចំនួនដូចជា ច្រកទ្វារអន្តរជាតិវ៉ាឮ ខេត្តក្រចេះ, ច្រកចាន់មូល, ច្រកដូង៧ដើម, ច្រកស្ពានដែក ខេត្តត្បូងឃ្មុំជាដើម ដែលមានចម្ងាយជាច្រើនរយគីឡូម៉ែត្រទៅវិញ។

សូមជម្រាបថា នៅខេត្តរតនគិរី មានផ្ទៃដីដាំកៅស៊ូសរុបចំនួន៦៥,០០០ហិកតា និងផ្ទៃដីកៅស៊ូអាស្រ័យផលជាង៤ម៉ឺនហិកតា។ នេះបើតាមការឲ្យដឹងពី លោក សយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តរតនគិរី៕