(បាត់ដំបង)៖ លោក ញឹក សារ៉ែន ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកគាស់ក្រឡ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់អនុសាខាផ្តល់ជូនអតីតយុទ្ធជនមានពិការភាព ដែលមានជីវភាពខ្វះខាត ចំនួន២០គ្រួសារ រស់នៅតំបន់អភិវឌ្ឍន៍ថ្មីភូមិគោករការ ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ក្នុងនាមសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង លោក ញឹក សារ៉ែន បានសម្តែងនូវក្តីសោមនស្សរីករាយ និងនាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខចំពោះអតីតយុទ្ធ
ជនទាំងអស់ពីសំណាក់លោក សុខ លូ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
លោកបានបង្ហាញនូវការស្ញប់ស្ញែងចំពោះការលះបង់កម្លាំងកាយចិត្តការពារបូរណភាពទឹកដី និងពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេសធ្វើឲ្យប្រទេសជាតិទទួលបានសុខសន្តិ
ភាព ស្ថិរភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។ លោកបញ្ជាក់ថា ថ្នាក់ដឹកនាំតែងតែយកចិត្តទុកកដាក់គិតគូរជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីឡើយ ពោល «ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
លោកប្រធានអនុសាខាស្រុក បានលើកឡើងថា «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានគិតគូរយ៉ាងហ្មត់ចត់ ដែលក្នុងនាមជាភរិយារបស់សម្តេចតេជោ ហ៊ុន សែន និងជាអតីតអ្នកដែលធ្លាប់បានចូលរួមតស៊ូរំដោះជាតិ នាពេលកន្លងមកផង ដែលបានធ្វើឲ្យសម្តេចតែងតែចងចាំជានិច្ច និងតបស្នងក្នុងនាមស្ថាប័នមនុស្សធម៌ តាមរយៈការសាងសង់ផ្ទះ និងផ្តល់អំណោយជាស្បៀង សម្ភារដើម្បីជួយសម្រាលការលំបាកផ្នែកជីវភាពជូនដល់បងប្អូនអតីតយុទ្ធជននាពេលនេះ»។
អំណោយដែលអនុសាខាផ្តល់ជូន ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២០គីឡូក្រាម, មី ១កេស, ទឹកត្រី១, ទឹកស៉ីអ៉ីវ ១យួរ, ត្រីខ១យួរ និងថវិកាមួយចំនួនផងដែរ៕