(បន្ទាយមានជ័យ)៖ ដោយមានការណែនាំ និងការដាក់បទបញ្ជាពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលការពារព្រំដែនកម្ពុជា-ថៃ ត្រូវយកចិត្តទុកដាក់គ្រប់គ្រងសភាពការណ៍សន្តិសុខ និងទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ។

ជាក់ស្ដែងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក៨១៥ បានចាត់តាំងលោកវរសេនីយ៍ត្រី ឡុក ធី នាយប៉ុស្តិ៍សង្កែដឹកនាំកម្លាំង សហការជាមួយកម្លាំងយោធាវរៈ៥១១ (កងពល៥១) បានធ្វើការទប់ស្កាត់ប្រជាពលរដ្ឋ ចំនួន០៥នាក់ បម្រុងលួចដែនឆ្លងខុសច្បាប់ទៅប្រទេសថៃ នៅចំណុចមាត់អូរព្រំដែន (គោលដៅចំការក្រូចឆ្មារ) ក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ។

នៅចំពោះមុខសមត្ថកិច្ច ប្រជាពលរដ្ឋទាំងនោះបាននិយាយថា ពួកគាត់មានគោលបំណងទៅស៊ីឈ្នួលកាប់អំពៅនៅទឹកដីថៃ ដែលបច្ចុប្បន្នពួកគាត់រស់នៅក្នុងខេត្តបន្ទាយមានជ័យ។ ក្រោយសួរនាំ និងធ្វើកិច្ចសន្យារួច បានប្រគល់ជូនផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕