(ភ្នំពេញ)៖ ដោយទទួលបានការគាំទ្រពីមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (AJC) ក្រសួងទេសចរណ៍ និងលេខាធិការដ្ឋានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ (MRA) បានបើកឱ្យមានវគ្គបណ្តុះបណ្តាលវិក្រឹត្យការ ឬវគ្គបំប៉នសមត្ថភាពលើជំនាញស្ប៉ានិងសុខុមាលភាពដល់អ្នកជំនាញស្ប៉ា-ម៉ាស្សាសរុប៣០នាក់ នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១២-២៣ ខែធ្នូ ឆ្នាំ២០២២។
លោក ទ្រី ឈីវ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងអាស៊ាននៃក្រសួងទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ (MRA) បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលវិក្រឹត្យការលើជំនាញស្ប៉ានិងសុខុមាលភាពនេះ មានការចូលរួមចែករំលែកបទពិសោធន៍ដោយផ្ទាល់ពីអ្នកជំនាញ២រូប (ជនជាតិជប៉ុន) មកពី AJC និងមានសិក្ខាកាមជាម្ចាស់អាជីវកម្មស្ប៉ា គ្រូស្ប៉ា-ម៉ាស្សា ជនមានពិការភាព អ្នកកំពុងបម្រើការងារក្នុងអាជីវកម្មស្ប៉ា និងគ្រូបង្គោលដែលជាអ្នកជំនាញបដិសណ្ឋារកិច្ច គ្រូបង្គោលអាស៊ាន (មន្រ្តីក្រសួងទេសចរណ៍) គ្រូបង្រៀនមកពីមន្ទីរពេទ្យកាល់ម៉ែត និងគ្រូជំនាញដែលជាអ្នកបច្ចេកទេសស្ប៉ា នៅខេត្តសៀមរាប។
លោកប្រធានលេខាធិការដ្ឋាន ទ្រី ឈីវ វគ្គបណ្តុះបណ្តាលវិក្រឹត្យការលើជំនាញស្ប៉ានិងសុខុមាលភាពនេះដែរ គឺជាវគ្គបំប៉នសមត្ថភាពបន្ថែមដល់សិក្ខាកាមដែលមានសមាសភាពដូចខាងលើ ស្របតាមស្ដង់ដាបណ្ដុះបណ្ដាលរបស់អាស៊ាន ហើយដែលថ្ងៃក្រោយពួកគេទាំង៣០នាក់នេះនឹងក្លាយទៅជាគ្រូបង្គោលសម្រាប់ផ្ដល់ការបណ្ដុះបណ្ដាលបន្តដល់អ្នកបម្រើការផ្សេងទៀត។
លោក ទ្រី ឈីវ ក៏បានឆ្លៀតឱកាសចុះទស្សនកិច្ចជាមួយអ្នកជំនាញជប៉ុនទៅកន្លែងទីតាំងអាជីវកម្មស្ប៉ា និងសាលាបាយ ដែលផ្តល់នូវការបណ្តុះបណ្តាលផ្នែកស្ប៉ា តាមយន្តការនិងស្តង់ដាអាស៊ាន ហើយក៏បានរៀបចំឱ្យមានកិច្ចពិភាក្សាផ្សេងៗ ក្នុងនោះរួមមានការពិនិត្យវាយតម្លៃលើស្ថានភាពបច្ចុប្បន្ននៃជំនាញស្ប៉ា និងចក្ខុវិស័យអនាគតរបស់អាជីវកម្ម និងអ្នកជំនាញផងដែរ។
ដោយមានការណែនាំបន្ថែមពីលោក ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ លោក ទ្រី ឈីវ ក៏បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការរៀបចំផែនការអភិវឌ្ឍន៍ជំនាញស្ប៉ារយៈពេល៣ឆ្នាំ ស្របតាមកម្មវិធីការងារដែលក្រសួងទេសចរណ៍កម្ពុជាទទួលបន្ទុករៀបចំកម្មវិធីសិក្សាស្ប៉ាអាស៊ាន។ ដោយឡែក ផែនការ៣ឆ្នាំ ២០២៣-២០២៥ ក្នុងជំនាញស្ប៉ានេះក៏ស្របនឹងផែនការនៃការងាររបស់ CLMV, ACMECS និងអាស៊ាន ដែលកម្ពុជាទទួលបន្ទុកផ្នែកធនធានមនុស្សផងដែរ។
ជាលទ្ធផលសង្ខេប កើតចេញពីវគ្គបណ្តុះបណ្តាល និងការចុះទស្សនកិច្ច ក៏ដូចជាកិច្ចប្រជុំពិគ្រោះយោបល់ អាចវាយតម្លៃដូចខាងក្រោម៖
១. មានតែអ្នកដែលមានជំនាញស្ប៉ា-ម៉ាស្សាទេ ដែលវិលត្រលប់មកបំពេញការងារវិញបានច្រើនជាងគេក្នុងចំណោមជំនាញទេសចរណ៍។
២. អ្នកជំនាញទាំងអស់ចង់រៀនសូត្រ ចង់បានចំណេះដឹងបន្ថែម និងចង់បានសញ្ញាបត្រដែលទទួលស្គាល់ដោយក្រសួងទេសចរណ៍។
៣. អ្នកជំនាញទាំងអស់យល់ដឹងកាន់តែខ្លាំងអំពីសារៈសំខាន់នៃជំនាញស្ប៉ា-ម៉ាស្សានេះ ដែលជាការងារមួយមិនអាចជំនួសដោយអ្នកគ្មានជំនាញបានទេ។
៤. បញ្ហាប្រឈម គឺពុំទាន់មានកម្មវិធីបណ្តុះបណ្តាលដែលមានការទទួលស្គាល់ តាមក្របខណ្ឌគុណវុឌ្ឍិ និងធានាបានថា នៅពេលរៀន គឺសិក្ខាកាមអាចមានចំណូលផ្គត់ផ្គង់គ្រួសារ (យោងតាមយោបល់អ្នកជំនាញ)។ បច្ចុប្បន្នអ្នកចាប់យកជំនាញស្ប៉ា គឺដើម្បីដោះស្រាយផលលំបាកជីវភាពបន្ទាន់។
៥. ទោះជាមានភាពប្រសើរជាងមុន ការងារជាអ្នកម៉ាស្សានៅតែមានការគិតថាជាការងារមិនល្អ (ក្រុមការងារបានរកឃើញគម្រូអនុវត្ត ដើម្បីលើកកម្ពស់ករណីនេះហើយ)។
ដើម្បីដោះស្រាយបញ្ហាប្រឈម និងដើម្បីលើកកម្ពស់ជំនាញនេះ ក្រុមការងារគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ MRA កំពុងរៀបចំផែនការ៣ឆ្នាំ ដើម្បីគោរពសុំយោលបល់ណែនាំ និងសម្រេចពីថ្នាក់ដឹកនាំក្រសួង សំដៅធ្វើយ៉ាងណាអភិវឌ្ឍជំនាញស្ប៉ា-ម៉ាស្សាក្លាយជាជំនាញដែលយុវជនចង់ចាប់យក។ អ្នកជំនាញជប៉ុនមកពី AJC បានគាំទ្រដល់ផែនការ និងត្រៀមផ្ដល់កិច្ចសហប្រតិបត្តិការបន្តដល់កម្ពុជា ព្រោះថាការងារនេះនឹងផ្ដល់ជាប្រយោជន៍ដល់ប្រទេសផ្សេងៗទៀត ក្នុងក្របខណ្ឌ CLMV, ACMECS និងប្រទេសសមាជិកអាស៊ានផ្សេងទៀត ដោយកម្ពុជាជាប្រទេសទទួលបន្ទុកលើការអភិវឌ្ឍធនធានមនុស្សក្នុងក្របខណ្ឌអនុតំបន់ និងជំនាញស្ប៉ាក្នុងក្របខណ្ឌអាស៊ាន ហើយ AJC និងរដ្ឋាភិបាលជប៉ុនមានគោលដៅជួយដល់ប្រទេស CLMV។ ជាការងារបន្ត ក្រុមការងារជំនាញ MRA និងអ្នកជំនាញ AJC នឹងស្នើឲ្យមានការរៀបចំជំនួបរវាងលោករដ្ឋមន្ត្រី ថោង ខុន និងអគ្គលេខាធិការ AJC ថ្មី នាអំឡុង ATF 2023 នៅប្រទេសឥណ្ឌូណេស៊ី៕