(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ បានរៀបចំកិច្ចពិគ្រោះយោបល់លើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ (ប.ន.ត.រ) ក្រោមអធិបតីភាពលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប។
ក្នុងឱកាសនោះ លោក ទេព នីថា បានថ្លែងថា កិច្ចប្រជុំពិគ្រោះយោបល់នេះ ធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរយោបល់ជាមួយភាគីពាក់ព័ន្ធ ដែលបានផ្ញើយោបល់លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មកគ.ជ.ប វិញ។
ម្យ៉ាងទៀតក៏ប្រមូលយោបល់បន្ថែមដើម្បីកែលម្អបទបញ្ជា និងនីតិវិធីនេះ ឲ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ ងាយយល់ ងាយអនុវត្ត សមស្របតាមបរិបទ នៃការរីកចម្រើនបច្ចេកវិទ្យាព័ត៌មានវិទ្យា ព្រមទាំងមានអនុលោមភាពតាមច្បាប់ជាធរមាន មុននឹងដាក់ជូន គ.ជ.ប ពិនិត្យសម្រេចអនុម័តឲ្យប្រើជាផ្លូវការសម្រាប់ការបោះឆ្នោតនាពេលខាងមុខ សំដៅធានាឲ្យការបោះឆ្នោតនោះប្រព្រឹត្តទៅមានលក្ខណៈល្អប្រសើរជាងមុន និងដោយសេរី ត្រឹមត្រូវ យុត្តិធម៌ មានតម្លាភាព ស្របតាមគន្លងប្រក្រតីភាពថ្មីក្រោយវិបត្តិកូវីដ១៩ និងស្របតាមគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស។
លោក ទេព នីថា បានគូសបញ្ជាក់ថា បើទោះបីជារាល់មតិយោបល់របស់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបានគណៈកម្មការសម្របសម្រួលដែលជាថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ធ្វើការស្រាយបំភ្លឺជូនមួយជំហានហើយ ក្នុងកម្រិតសមត្ថកិច្ចរបស់ខ្លួនដោយផ្អែកលើគោលការណ៍ច្បាប់ជាធរមាន និងបទដ្ឋានបច្ចេកទេសនៃការរៀបចំការបោះឆ្នោតយ៉ាងណាក្ដី ក៏អគ្គលេខាធិការដ្ឋាន គ.ជ.ប នឹងធ្វើការបូកសរុបរាល់មតិយោបល់ ទាំងយោបល់ជាលាយលក្ខណ៍អក្សរ និងយោបល់ដែលបានលើកឡើងបន្ថែមក្នុងកិច្ចប្រជុំព្រឹកនេះ ដើម្បីដាក់ជូនថ្នាក់ដឹកនាំ គ.ជ.ប ពិនិត្យ ពិភាក្សា និងសម្រេចចុងក្រោយក្នុងពេលដ៏ឆាប់ខាងមុខ។
លោកអគ្គលេខាធិការ គ.ជ.ប មានជំនឿយ៉ាងមុតមាំថា រាល់បណ្តាមតិយោបល់របស់ភាគីពាក់ព័ន្ធ គឺជាធាតុចូលដ៏មានសារៈសំខាន់សម្រាប់ គ.ជ.ប យកទៅពិនិត្យ សិក្សា និងពិចារណាបន្ថែម ដោយផ្អែកលើក្របខ័ណ្ឌច្បាប់ និងលិខិតដ្ឋានគតិយុត្តជាធរមានផ្សេងទៀត មុននឹងសម្រេចអនុម័តសេចក្ដីព្រាង ប.ន.ត.រ នេះ ដើម្បីដាក់ឲ្យប្រើប្រាស់ជាផ្លូវការសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
សូមជម្រាបជូនថា កិច្ចប្រជុំពិគ្រោះយោបល់នេះ មានការអញ្ជើញចូលរួមពីមន្រ្តី គ.ជ.ប និងតំណាងស្ថាប័នដែលជាភាគីពាក់ព័ន្ធនឹងការបោះឆ្នោត រួមមាន អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស គណបក្សនយោបាយ ចំនួន៥គណបក្ស សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន១០ និងអ្នកសារព័ត៌មាន៕