(ភ្នំពេញ)៖ សហភាពអឺរ៉ុបបានកោតសរសើរកម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងទាំងឡាយ និងបានសម្តែងនូវការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីគាំទ្រមជ្ឍភាពអាស៊ាន និងតួនាទីដឹកនាំរបស់អាស៊ាន ក្នុងការដោះស្រាយស្ថានការណ៍វិបត្តិនៅមីយ៉ាន់ម៉ា។
នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស អំពីលទ្ធផលនៃស្តីពីការធ្វើជាសហប្រធានរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២២ នៅទីក្រុងព្រុចសែល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ក្រសួងបានបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានរៀបរាប់សង្ខេបផងដែរជូនអង្គប្រជុំអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងការងារទាំងឡាយរបស់ប្រេសិតពិសេស ដើម្បីជួយមីយ៉ាន់ម៉ាវិលទៅរកប្រក្រតីភាពឡើងវិញ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបអង្គប្រជុំផងដែរថា នៅក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤១ មេដឹកនាំអាស៊ានបានអនុម័តលើឯកសារស្តីពី «ការពិនិត្យឡើងវិញ និងសេចក្តីសម្រេចរបស់ថ្នាក់ដឹកនាំអាស៊ានស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច» ដែលធ្វើឡើងដើម្បីសម្របសម្រួលឱ្យមានកាអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ឱ្យបានឆាប់។
«ជាការឆ្លើយតប សហភាពអឺរ៉ុបបានកោតសរសើរកម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងទាំងឡាយ និងបានសម្តែងនូវការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីគាំទ្រមជ្ឍភាពអាស៊ាន និងតួនាទីដឹកនាំរបស់អាស៊ាន ក្នុងការដោះស្រាយស្ថានការណ៍វិបត្តិនៅមីយ៉ាន់ម៉ា»។ នេះបើតាមសេចក្តីប្រកាស។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះប្រធានក្រុមប្រឹក្សាអឺរ៉ុប និងថ្នាក់ដឹកនាំសហភាពអឺរ៉ុប ចំពោះការគាំទ្រដោយឥតងាករេដល់ភាពជាប្រធានអាស៊ានរបស់កម្ពុជានៅឆ្នាំនេះ។
ជាងនេះទៅទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រី មានសុទិដ្ឋិនិយម និងទំនុកចិត្តថា ភាពជាដៃគូ អាស៊ាន-សហភាពអឺរ៉ុបនឹងបន្តរីកចម្រើនយ៉ាងរឹងមាំ ហើយទន្ទឹងរង់ចាំនូវជោគជ័យដ៏ត្រចះត្រចង់បន្ថែមទៀតក្នុងរយៈពេល ៤៥ឆ្នាំខាងមុខ៕