(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ទៅសហគមន៍អឺរ៉ុបថា សណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ ត្រូវតែការពារឱ្យបាន ហើយប្រព័ន្ធពហុភាគីត្រូវតែប្រកបដោយបរិយាប័ន្ន មានតម្លាភាព យុត្តិធម៌ និងបើកចំហ។

នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស អំពីលទ្ធផលនៃស្តីពីការធ្វើជាសហប្រធានរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២២ នៅទីក្រុងព្រុចសែល។

ពាក់ព័ន្ធនឹងបញ្ហាតំបន់ និងអន្តរជាតិ សម្តេចតេជោនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា ពិភពលោកបានប្រឈមមុខនឹងការសាកល្បងដ៏ធំបំផុតចាប់តាំងពីពេលបញ្ចប់សង្គ្រាមលោកលើកទី២មក។ ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាចធំៗបានធ្វើឱ្យរង្គោះរង្គើសណ្តាប់ធ្នាប់អន្តរជាតិ និងគំរាមកំហែងដល់សន្តិភាព ស្ថិរភាព និងវិបុលភាពដែលរកបានយ៉ាងលំបាក។ ជម្លោះប្រដាប់អាវុធទាំងឡាយដែលគេតែងតែគិតថាជាបញ្ហាអតីតកាលនោះ បានវិលមកវិញ ហើយក្លាយជាកង្វល់យ៉ាងធ្ងន់ធ្ងរនៅតាមតំបន់ជាច្រើននៃពិភពលោក ហើយបញ្ហាទាំងនេះក៏គ្មានការលើកលែងចំពោះអាស៊ាន និងសហភាពអឺរ៉ុបនោះដែរ។ អ្វីដែលគួរឱ្យព្រួយបារម្ភនោះ គឺការវិវត្តទាំងនេះបាននិងកំពុងកើតឡើងនៅពេលដែលពហុភាគីនិយមស្ថិតនៅក្រោមភាពតានតឹងដ៏ខ្លាំង ហើយជាតិនិយម និងគាំពារនិយមកំពុងកើនឡើងយ៉ាងឆាប់រហ័ស។

«ក្នុងបរិបទនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ត្រូវតែការពារឱ្យបាន ហើយប្រព័ន្ធពហុភាគីត្រូវតែប្រកបដោយបរិយាប័ន្ន មានតម្លាភាព យុត្តិធម៌ និងបើកចំហ។ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានជំរុញឱ្យប្រទេសមហាអំណាចនានាស្វែងរកវិស័យសហប្រតិបត្តិការជាក់ស្តែង ដែលអាចឱ្យពួកគេកសាងបាននូវសេចក្តីទុកចិត្តនិងជំនឿចិត្តទៅវិញទៅមក និងលើកកម្ពស់ផលប្រយោជន៍រួមនិងជាសកល»។ នេះបើតាមសេចក្តីប្រកាស។

នៅខណៈពេលទទួលស្គាល់ថាការប្រកួតប្រជែងចៀសមិនរួច សម្តេចតេជោនាយករដ្ឋមន្រ្តី មានទស្សនៈយ៉ាងមុតមាំថា មហាអំណាចទាំងឡាយគួរដាក់ចេញនូវរនាំងមួយចំនួនដែលអាចការពារការប្រកួតប្រជែងរបស់ពួកគេ មិនឱ្យនាំទៅដល់ការខាតបង់ទាំងសងខាង។

ពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជា ជាប្រទេសដែលផ្អែកលើច្បាប់ និងមានការទទួលខុសត្រូវ ប្រកាន់ខ្ជាប់នូវធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់ បទដ្ឋាន និងគោលការណ៍ទាំងឡាយដែលទទួលស្គាល់ជាសកល ហើយជំទាស់ដាច់ខាតចំពោះការកាត់យកទឹកដី និងការប្រើប្រាស់ ឬការគំរាមកំហែងកម្លាំងប្រឆាំងនឹងរដ្ឋអធិបតេយ្យណាមួយ។ ការចូលរួមរបស់កម្ពុជាជាប្រទេសសហស្ថាបនិកនៃសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិលើបញ្ហានេះ គឺជាសក្ខីភាពពិតនៃការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះកាតព្វកិច្ចអន្តរជាតិ។

សំខាន់បំផុត សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកមតិឡើងថា ប្រសិនបើប្រវត្តិសាស្រ្តអាចផ្តល់ជាមគ្គុទ្ទេសណាមួយនោះ សង្រ្គាមមិនអាចបញ្ចប់សង្រ្គាមបានទេ ហើយកិច្ចសន្ទនាដែលអនុញ្ញាតឱ្យភាគីពាក់ព័ន្ធទាំងឡាយលើកឡើងពីកង្វល់របស់ខ្លួន និងស្វែងរកដំណោះស្រាយដោយសន្តិវិធី គួរតែចាប់ផ្តើមដោយមិនមានការបង្អង់។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ចៀសវាងសកម្មភាពទាំងឡាយណាដែលអាចបង្កើនអំពើហិង្សានៅអ៊ុយក្រែន និងបង្កើតបរិយាកាសមួយដែលអំណោយផលសម្រាប់ការផ្តល់ជំនួយមនុស្សធម៌ជូនអ្នកដែលត្រូវការបំផុត។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានចែករំលែកជូនអង្គប្រជុំផងដែរថា កម្ពុជា នឹងផ្តល់វគ្គ បណ្តុះបណ្តាលជូនអ្នកដោះមីនអ៊ុយក្រែនចំនួន ១៥នាក់ រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់របស់អង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នសម្រាប់អ៊ុយក្រែន នៅក្នុងខែមករា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ហើយនឹងបញ្ជូនក្រុមអ្នកជំនាញទៅធ្វើការបណ្តុះបណ្តាលបន្ថែមទៀតសម្រាប់អ្នកដោះមីនអ៊ុយក្រែន នៅក្នុងខែមេសា ឆ្នាំ២០២៣ នៅប្រទេសប៉ូឡូញ ដោយមានការគាំទ្រពីប្រទេសជប៉ុន៕