(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់សហគមន៍អឺរ៉ុបថា ថ្វីត្បិតតែកម្ពុជាជាប្រទេសបញ្ចេញឧស្ម័នកាបូនកម្រិតទាប ប៉ុន្តែបានបង្កើនថវិកាចំនួនបីដងសម្រាប់សកម្មភាពអាកាសធាតុរបស់ខ្លួន។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
សេចក្តីប្រកាសបានបញ្ជាក់ថា៖ ពាក់ព័ន្ធនឹងលទ្ធផលដ៏សំខាន់ៗនៃសន្និសីទស្តីពីបម្រែបម្រួលអាកាសធាតុ (COP27) ក្រោមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីបម្រែបម្រួលអាកាសធាតុនៅប្រទេសអេហ្ស៊ីប សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍កិច្ចព្រមព្រៀងផ្តល់មូលនិធិសម្រាប់ការបាត់បង់ និងសំណងខូចខាតរបស់ប្រទេសក្រីក្រ ដោយសារផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ។
«សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ថ្វីត្បិតតែកម្ពុជាជាប្រទេសបញ្ចេញឧស្ម័នកាបូនកម្រិតទាប ប៉ុន្តែបានបង្កើនថវិកាចំនួនបីដងសម្រាប់សកម្មភាពអាកាសធាតុរបស់ខ្លួន ដែលស្មើនឹង ២,២% នៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០២០»។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានរំលឹកផងដែរអំពីសំណើរបស់កម្ពុជាក្នុងការរៀបចំ «កិច្ច ព្រមព្រៀងបៃតងអាស៊ាន» ដែលជាក្របខ័ណ្ឌដ៏សំខាន់ មានគោលបំណងជួយដល់ប្រទេសសមាជិក ធ្វើការផ្លាស់ប្តូរបន្តិចម្តងៗឆ្ពោះទៅរកអនាគតបៃតង ហើយសម្តេចតេជោនាយករដ្ឋមន្ត្រី បានមើលឃើញពីសក្តានុពលដ៏ធំនៃតួនាទីរបស់សហភាពអឺរ៉ុប ក្នុងការគាំទ្រអាស៊ានដើម្បីសម្រេចឱ្យបាននូវគោលដៅនេះ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ដើម្បីប្រារព្ធខួបលើកទី៤៥ឆ្នាំនៃទំនាក់ទំនងដៃគូសន្ទនារវាងតំបន់ទាំងពីរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងឋានៈជាប្រធានអាស៊ាន បានធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍នេះ ជាមួយលោក ឆាលស៍ មីឆែល ដែលជាប្រធាន ក្រុមប្រឹក្សាអឺរ៉ុប៕