(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ បានបន្តរៀបចំ សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការអភិវឌ្ឍជំនាញ ដែលធ្វើឡើងក្រោមវត្តមានលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងលោកបណ្ឌិតទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងមានការចូលរួមពីតំណាង ក្រសួងស្ថាប័នពាក់ព័ន្ធ របស់រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍សំខាន់ៗ ដូចជា៖ADBWB IMF ILOEU JICA KOICA UNESCOUNDP អង្គការសង្គមស៊ីវិល ស្ថាប័នស្រាវជ្រាវ សមាគមនិយោជក អភិវឌ្ឍន៍ករតំបន់សេដ្ឋកិច្ចពិសេស និងអ្នកសារព័ត៌មាន ព្រមទាំងគ្រឹះស្ថានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បច្ចេកទេសទាំងរដ្ឋ និងឯកជនមួយចំនួន។
លោក វង្សី វិស្សុត ថ្លែងថា ការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការ អភិវឌ្ឍ ជំនាញជាលើកទី២ ក្នុងឆ្នាំនេះ មានគោលបំណងធ្វើការពិគ្រោះយោបល់ ជាមួយគ្រប់តួអង្គពាក់ព័ន្ធ ទាំងលើទិដ្ឋភាពខាងផ្នែកគោលនយោបាយ និងទស្សទានទាំងលើការអនុវត្ត ជាក់ស្តែងក៏ដូចជា ដើម្បីធ្វើការពិនិត្យឡើង វិញនូវវឌ្ឍនភាពកន្លងមក និងបញ្ហាប្រឈមនានា ដើម្បីកំណត់អភិក្រមការងារអាទិភាពការងារ និងជ្រើសរើស យកជម្រើសដែលសមស្របបំផុត ទៅនឹងបរិការណ៍ នៃសង្គមកម្ពុជាសព្វថ្ងៃ ក្នុងគោលដៅសម្រេចឱ្យបាន នូវគោលដៅក្នុងការកសាងធនធានមនុស្ស ដែលត្រូវបានចាត់ទុកជាវិស័យអាទិភាពទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៥ នេះដូចដែលបានដាក់ចេញនៅក្នុងយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៣, ផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ និងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ ព្រមទាំងគោលនយោបាជាតិស្តីពីមុខរបរនិងការងារ ២០១៥-២០២៥។ លទ្ធផលនៃការពិភាក្សា និងចំណុចកុងសង់ស៊ុស នៅក្នុងការកំណត់អាទិភាពមុខសញ្ញាចំណាយ និងកម្មវិធីក្នុងការផ្តល់ហិរញ្ញប្បទាន នៅក្នុងការ ពិគ្រោះយោបល់ថ្ងៃនេះ នឹងក្លាយជាមូលដ្ឋានសម្រាប់ការរៀបចំថវិកាឆ្នាំ២០១៧ សំដៅផ្សាភ្ជាប់ថវិកា ទៅនឹងគោលយោបាយរបស់រាជរដ្ឋាភិបាល និងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈពាក់ព័ន្ធនឹងការអភិវឌ្ឍជំនាញនេះ។
លោក វង្សី វិស្សុត បានគូសបញ្ជាក់ថា ចរន្តនៃសកលភាវូបនីយកម្ម ដែលមានលក្ខណៈ កាន់តែស៊ីជម្រៅ និងបដិវត្តន៍បច្ចេកវិទ្យាព័ត៌មាន ក្នុងល្បឿនដ៏លឿន បានធ្វើឱ្យមានការប៉ះពាល់ ដល់ការអភិវឌ្ឍ របស់ពិភពលោកទាំងមូល។ ការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចពិភពលោកខាងលើនេះ ក៏ជះឥទ្ធិពលមកលើកម្ពុជាផងដែរ។ ក្នុងបរិការណ៍នេះរាជរដ្ឋាភិបាលកម្ពុជាយល់ឃើញថា ធនធានមនុស្ស និយាយជារួម និងនិយាយដោយឡែក គឺការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបច្ចេកទេស ជាកត្តាកំណត់មួយ ក្នុងការទ្រទ្រង់ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ពោលគឺនឹងជួយធ្វើឱ្យសេដ្ឋកិច្ចមានភាពប្រកួតប្រជែង និងមានភាព ទាក់ទាញការ វិនិយោគ ពិសេសវិស័យឧស្សាហកម្ម និងសេវាកម្មដែលមានតម្លៃបន្ថែមខ្ពស់។ ទន្ទឹមនឹងការឈានឡើងជា ប្រទេសចំណូលមធ្យមកម្រិតទាប កម្ពុជាត្រូវពង្រឹងការអភិវឌ្ឍជំនាញ ដើម្បីជួយគាំទ្រ ដល់ការផ្លាស់ប្តូរ រចនាសម័្ពន្ធសេដ្ឋកិច្ចរបស់ខួន ពីឧស្សាហកម្មអត្តពលកម្មទៅឧស្សាហកម្ម ដែលមានការប្រើប្រាស់ជំនាញ ពិសេសដើម្បីបញ្ចៀសនូវការជាប់ក្នុងអន្ទាក់ប្រទេសចំណូលមធ្យមកម្រិតទាប។ ជាមួយគ្នានេះ ការអភិវឌ្ឍ សមត្ថភាពជំនាញ ក៏ជួយធ្វើឱ្យមានស្ថេរភាពក្នុងទីផ្សារពលកម្ម និងជួយធ្វើឱ្យទំនាក់ទំនងវិជ្ជាជីវៈ កាន់តែមានភាពសុខដុមរម្យនា ដែលជួយបង្កើតឱ្យមាននូវបរិយាកាសអំណោយផល សម្រាប់ផលិតកម្ម។
និយាយជារួម ការអភិវឌ្ឍធនធានមនុស្ស ពិសេសការអភិវឌ្ឍជំនាញ គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ ការធានាទ្រទ្រង់ឱ្យ មានកំណើនមួយ ដែលខ្ពស់ជាងមុន និងកាន់តែមានបរិយាប័ន្ន។ ក្នុងទិដ្ឋភាពខាងផ្នែកសមធម៌សង្គម, ការបណ្តុះ បណ្តាលជំនាញនេះ ក្រៅពីជួយធ្វើឱ្យកម្លាំងពលកម្ម របស់យើងមានជំនាញជាងមុន ក៏អាចជួយធ្វើឱ្យពួកគាត់ ទទួលបានប្រាក់ខែ ខ្ពស់ជាងមុនដែរ ដែលនឹងជួយដោះស្រាយបញ្ហាប្រាក់ខែអប្បរមា និងបញ្ហាបាតុកម្ម កូដកម្មជាដើម។ ដូច្នេះការបណ្តុះបណ្តាលជំនាញ នឹងជួយធ្វើឱ្យកម្លាំងពលកម្មរបស់កម្ពុជាយើង អាចទទួល បាន ការងារធ្វើសមរម្យ ដែលជាការងារដែលផ្អែកលើជំនាញ ដើម្បីអាចទទួលបានប្រាក់ខែសមរម្យ និងមានជីវភាពរស់ធូរធា។ ក្នុងន័យនេះ កម្ពុជានឹងបន្តផ្តោតការយកចិត្តទុកដាក់ដល់ការអភិវឌ្ឍជំនាញ ទាំងជំនាញផ្លូវការ និងមិនផ្លូវការ។ ប៉ុន្តែការអភិវឌ្ឍជំនាញផ្លូវការ គឺមានសារសំខាន់បំផុត នៅក្នុងបរិការណ៍កម្ពុជាក្នុងពេលបច្ចុប្បន្ន ព្រោះបើគ្មាន ការអភិវឌ្ឍជំនាញនេះទេ កម្ពុជានឹងត្រូវបន្តជាប់នៅក្នុងអន្ទាក់ឧស្សាហកម្មតម្លៃថោក (Low Cost Industry) ឬឧស្សាហកម្មអតិពលកម្ម (Low Wage Industry)។
ដូច្នេះកម្ពុជាត្រូវធ្វើតុល្យការ នៃការបណ្តុះបណ្តាល រវាងជំនាញទាំងពីរនេះ ដោយងាកទៅផ្តោតលើអភិវឌ្ឍន៍ ជំនាញផ្លូវការ ដើម្បីទ្រទ្រង់ដល់ការ អភិវឌ្ឍ មូលដ្ឋានឧស្សាហកម្មរបស់ខ្លួន។គួរបញ្ជាក់ដែរថា ក្នុងគោលដៅជំរុញល្បឿន នៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ចំណាយថវិកា ចរន្ត របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈទទួលបានកំណើនចំនួន ៤៥,៨% នៅក្នុងឆ្នាំ ២០១៦ នេះធៀបនឹងឆ្នាំ២០១៥។អង្គសិក្ខាសាលាពិគ្រោះយោបល់បានផ្តោតលើការពិភាក្សាផ្លាស់ប្តូរមតិយោបល់ លើស្ថានភាពបច្ចុប្បន្ន នៃអភិវឌ្ឍជំនាញនៅកម្ពុជា, ការបណ្តុះបណ្តាល, បញ្ហាស្តង់ដារ និងការទទួលស្គាល់ ព្រមទាំងបញ្ហាស្ថាប័ន និងការសម្របសម្រួល ក៏ដូចជាការចូលរួមរបស់វិស័យឯកជន និងអង្គការសង្គមស៊ីវីល នៅក្នុងការបណ្តុះ បណ្តាល ជំនាញវិជ្ជាជីវៈ៕