(ភ្នំពេញ)៖ លោក Sudirman Haseng ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ បានចូលរួមលើកទឹកចិត្តចំពោះការបើកភោជនីយដ្ឋានប្រពៃណីដ៏មានប្រជាប្រិយរបស់ជាតិខ្លួន នៅក្នុងប្រទេសកម្ពុជា។
ភោជនីយដ្ឋាននេះ មានឈ្មោះ «Padang Nusantara» ដែលត្រូវបានសម្ពោធនៅលើទីតាំងផ្លូវព្រះស៊ីសុវត្ថិ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ពិធីនេះក៏មានការចូលរួមផងដែរ ឯកអគ្គរដ្ឋទូតប្រ៊ុយណេ មន្រ្តីស្ថានទូត និងភ្ញៀវជាតិ អន្តរជាតិជាច្រើននាក់។
Padang Nusantara ជាភោជនីយដ្ឋានដ៏មានប្រជាប្រិយភាព ដែលមានប្រភពមកពីខេត្តប៉ាដាំង ប្រទេសឥណ្ឌូណេស៊ី ហើយសម្បូរទៅដោយម្ហូបចម្អិនបែបជនជាតិដើម។ ជាទូទៅ ក្នុងមួយថ្ងៃអាចចម្អិនអាហារបានចាប់ពីរ២០ ទៅ៣០ មុខក្នុងមួយថ្ងៃ។ នេះបើតាមការបញ្ជាក់របស់ លោក Mohamed ALi ជាម្ចាស់ហាងថ្មីនេះ។
ភោជនីយដ្ឋាននេះ ត្រូវបានបង្កើតឡើងនៅកម្ពុជា ក្នុងគោលបំណងបង្កើននូវកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ក៏ដូចជាវិស័យផ្សេងៗ នៅប្រទេសកម្ពុជា ដោយយោងតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ជាពិសេសក្នុងការផ្លាស់ប្តូរវប្បធម៌ ប្រពៃណីរវាងប្រជាជន នៃប្រទេសទាំងពីរ។ ដោយមានការបញ្ចុះតម្លៃពិសេសក្នុងរយៈពេល៣ខែ។ នេះបើតាមការបញ្ជាក់របស់ប្រភពខាងលើ។
លោកសង្ឃឹមថា បន្ទាប់ពីបើកដំណើរការភោជនីយដ្ឋានទទួលបានជោគជ័យ ដោយមានការគាំទ្រពីអតិថិជនច្រើន លោកនឹងខិតខំពង្រីកសាខាឲ្យបានច្រើនទីតាំង ដើម្បីបម្រើដល់វិស័យទេសចរណ៍ ឲ្យបានកាន់តែល្អប្រសើរ៕